ប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗលំដាប់ពិភពលោក និងជាគូរប្រជែងរបស់កម្ពុជាផងដែរនោះ បានបន្ទាបការព្យាករការនាំចេញអង្កររបស់ខ្លួននៅឆ្នាំ២០២៣នេះ ដោយក្នុងនោះ ប្រទេសថៃរំពឹងថា ការនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះ នឹងសម្រេចបានប្រមាណ ៧លាន៥សែនតោន។ រីឯវៀតណាមវិញ ព្យាករថា នឹងសម្រេចបានត្រឹម៦លានតោនប៉ុណ្ណោះ ដែលជាតួលេខមួយ ទាបជាងអ្វី ដែលសម្រេចបានកាលពីឆ្នាំមុនទៅទៀត។
តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យប្រទេសជិតខាងទាំងពីរនេះ មានការំពឹងទុកទាបជាងមុនសម្រាប់ការនាំចេញអង្ករនៅឆ្នាំ២០២៣?
សមាគមអ្នកនាំចេញអង្កររបស់ថៃបានអះអាងថា ប្រទេសថៃ នៅឆ្នាំ២០២៣នេះ បានដាក់គោលដៅនាំចេញអង្ករត្រឹម ៧លាន៥សែនតោនប៉ុណ្ណោះ ខណៈកាលពីមុនធ្លាប់រំពឹងថា នឹងសម្រេចបានដល់ ៨លានតោន។ ការបន្ទាបការព្យាករបរិមាណនាំចេញអង្ករនៅចុងក្រោយនេះ គឺមានទាបជាង ទំហំនៃការនាំចេញអង្ករដែលសម្រេចបានកាលពីឆ្នាំ២០២២ទៅទៀត ពោលគឺមានតិចជាងប្រមាណ ២សែនតោន។
ទោះយ៉ាងណា អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ គឺលោក Ronnarong Phoolpipat បានអះអាងថា កត្តាប្រឈមសម្រាប់ការនាំចេញអង្ករថៃនៅឆ្នាំនេះ គឺដោយសារតែមានការប្រែប្រួលនៃតម្លៃប្រាក់បាតថៃ ដោយតម្លៃប្រាក់បាតកើនឡើង នឹងធ្វើឲ្យអង្ករថៃមានតម្លៃថ្លៃជាងអង្កររបស់ដៃគូប្រជែងផ្សេងទៀត។
ទោះយ៉ាងណា លោក Ronnarong គូសបញ្ជាក់ថា តាមការសិក្សា តម្រូវការសាកលសម្រាប់អង្ករថៃ នៅតែមានរឹងមាំនៅឆ្នាំនេះ ហើយរដ្ឋាភិបាលនឹងបន្ដជំរុញគាំទ្រដល់ការនាំចេញអង្ករបន្ថែមទៀត។
ដោយឡែក សម្រាប់ប្រទេសវៀតណាមវិញ នៅឆ្នាំ២០២៣នេះ រំពឹងការនាំចេញអង្ករបានតែប្រមាណ ៦លានតោនប៉ុណ្ណោះ គឺទាបជាងឆ្នាំមុនដែលធ្លាប់មានដល់ទៅជាង៧លានតោន។ ការរំពឹងទុកទាប ចំពោះការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះ ដោយសារតែការផ្គត់ផ្គង់ និងឃ្លាំងស្ដុកអង្ករមានកំណត់។ នេះបើតាមការអះអាងរបស់ក្រុមអ្នកជំនួញក្នុងវិស័យស្រូវអង្ករវៀតណាម។
របាយការណ៍ពីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមបានឲ្យដឹងថា កាលពីខែមករាកន្លងទៅនេះ វៀតណាមនាំចេញអង្ករបាន៤០ម៉ឺនតោនធ្លាក់ចុះប្រមាណ ២០% ជាមួយនឹងតម្លៃជាទឹកប្រាក់ជាង២០០លានដុល្លារ ធ្លាក់ចុះជាង១៧%។ សមាជិកក្រុមប្រឹក្សាសាជីវកម្មស្បៀងអាហារភាគខាងជើងប្រទេសវៀតណាម លោក Do Tran Hoan បានអះអាងថា វៀតណាមរកចំណូលបាន ៣ពាន់ ៤រយលានដុល្លារ ពីការនាំចេញអង្ករជាង៧លានតោនកាលពីឆ្នាំមុន ដោយមានបរិមាណនាំចេញកើនឡើងជិត១៤% និងតម្លៃនាំចេញ កើនជាង៥%។
ក្នុងនោះ ការនាំចេញអង្ករវៀតណាមទៅហ្វីលីពីនមានដល់ទៅ ៣លានតោន ឬស្មើនឹង៤៥% នៃការនាំចេញអង្ករសរុបរបស់វៀតណាមកាលពីឆ្នាំ២០២២ ហើយវៀតណាមជាអ្នកផ្គត់ផ្គង់អង្ករជាង៨០% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន។
វៀតណាមបារម្ភថា ប្រសិនបើឃ្លាំងស្ដុកអង្ករនៅហ្វីលីពីនកើនខ្ពស់ នោះវានឹងធ្វើឲ្យតម្រូវការអង្ករនាំចូលទៅកាន់ប្រទេសនេះ ក៏នឹងធ្លាក់ចុះដែរ។ សូមបញ្ជាក់ថា ស្របពេលដែល ថៃ និងវៀតណាម មានរំពឹងការនាំចេញអង្ករមានការថយចុះនៅឆ្នាំ២០២៣ កម្ពុជាវិញរំពឹងខ្ពស់សម្រាប់ការនាំចេញអង្កររបស់ខ្លួន ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដាក់គោលដៅ នឹងនាំចេញអង្ករឲ្យបានដល់ ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ បន្ទាប់ពីសម្រេចបានការនាំចេញជាង៦៣ម៉ឺនតោនកាលពីឆ្នាំ២០២២។ បន្ថែមពីនេះ កម្ពុជាមានមហិច្ឆតានឹងសម្រេចឲ្យបានគោលដៅនាំចេញអង្ករ១លានតោន នៅឆ្នាំ២០២៥ផងដែរ។
គួរជម្រាបថា ប្រទេសថៃ កាលពីឆ្នាំមុន បានក្លាយជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតលំដាប់ទី២ ជាមួយបរិមាណនាំចេញអង្ករប្រមាណ៧លាន៧សែនតោន ខណៈដែលឥណ្ឌាឈរលំដាប់ទី១ ដែលមានការនាំចេញអង្ករប្រមាណ ២២លានតោន។ ដោយឡែក វៀតណាមវិញបានឈរលំដាប់ទី៣៕