ទួរគី៖ លោកប្រធានាធិបតីទួរគី Recep Tayyip Erdoğan និយាយថា មនុស្សចំនួន ៣៥.៤១៨នាក់បានស្លាប់នៅក្នុងប្រទេសទួរគី ដោយសារការរញ្ជួយដីកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលក្លាយជាគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរបំផុត ចាប់តាំងពីការបង្កើតប្រទេសរយៈពេលជាង ១០០ឆ្នាំមកនេះ។
លោក Erdogan និយាយថា អគារចំនួន ៤៧.០០០កន្លែងដែលមានប្រជាជនរស់នៅចំនួន ២១១.០០០នាក់ត្រូវបានបំផ្លាញ ឬនឹងតម្រូវឲ្យវាយកម្ទេចចោល។ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់នេះមានចំនួនលើសការរញ្ជួយដីដ៏ធំនៅខេត្ត Erzincan កាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សប្រមាណ ៣៣.០០០នាក់។ លោក Erdoğan បាននិយាយថា មនុស្សចំនួន ១០៥.៥០៥នាក់បានរងរបួសក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលចំណុចកណ្ដាលនៃការរញ្ជួយស្ថិតនៅជុំវិញទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) និងរលករញ្ជួយផ្សេងទៀត។ លោកថា ការរញ្ជួយដីនេះមានទំហំធំស្មើនឹងការបំផ្លិចបំផ្លាញ ដោយសារគ្រាប់បែកបរមាណូ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ទទួលបានពីសារព័ត៌មានរដ្ឋស៊ីរី និងទីភ្នាក់ងារអង្គការសហប្រជាជាតិ មនុស្សជាង ៥.៨១៤នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី។ ចំនួនមនុស្សស្លាប់ទាំង២ ប្រទេសបានកើនឡើងដល់ជាង ៤១.០០០នាក់ ហើយចំនួនប្រាកដនឹងកើនឡើងថែមទៀត ខណៈក្រុមអ្នកសង្គ្រោះបានរកឃើញសាកសពកាន់តែច្រើន ហើយឱកាសនៃការរកឃើញអ្នកនៅមានជីវិតកាន់តែតិច។ ការរញ្ជួយដីនេះបានប៉ះពាល់ដល់ខេត្តចំនួន១០ ក្នុងប្រទេសទួរគីដែលមានជម្រកពលរដ្ឋប្រមាណ ១៣.៥លាននាក់ ព្រមទាំងតំបន់ដ៏ធំមួយនៅភាគពាយ័ព្យក្នុងប្រទេសស៊ីរីដែលមានប្រជាជនរាប់លាននាក់រស់នៅ៕