(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីរួមចំណែកក្នុងការជំរុញឲ្យសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ ប្រកបដោយចីរភាព និងភាពធន់។
ថ្លែងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយ«ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០» ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ការបន្តកសាង និងពង្រឹងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគិតគូរៀបចំជាលើកដំបូងនូវឯកសារយុទ្ធសាស្រ្តរយៈពេលវែងនេះឡើង ពោលគឺ«ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០៣០»។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា នៅក្នុងឆ្នាំ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាស្ថាប័ន ដែលពេញដោយសមត្ថភាព និងគុណវុឌ្ឍធិគ្រប់គ្រាន់ដើម្បីសម្រេចនូវចក្ខុវិស័យរាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបំពេញបេសកកម្មដែលច្បាប់កំណត់ និងរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយប្រសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ខណៈគោលបំណងចំនួនពីរ ត្រូវបានកំណត់ក្នុងឯកសាររបស់ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០ រួមមាន ការកសាងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធិភាពមុខងារនិងភារកិច្ច។
យ៉ាងណាមិញ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ និងរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់នូវអានុសាសន៍ ចំនួន ៥ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះ ឯកឧត្តមបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានពេញលេញប្រកបឆន្ទៈមុះមុតក្នុងបេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន។ បន្ថែមលើនោះ គ្រប់ភាគីពាក់ព័ន្ធត្រូវសកម្ម ចូលរួមនិងអនុវត្តតាមទិសដៅនៃការងារនៃឯកសារចក្ចុវិស័យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយចាត់ទុកចក្ខុវិស័យនេះ ជាមគ្គុទេសបង្ហាញផ្លូវ។ នៅក្នុងដំណើរឆ្ពោះទៅរកគោលដៅរួម អង្គភាព និងស្ថាប័នក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាពជាក់ស្ដែង ជាពិសេសត្រូវពង្រឹងសមត្ថភាពនៃស្ថាប័ន និងអង្គភាពនីមួយៗ ឲ្យកាន់តែប្រសើរ។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធលើការផ្ដល់អាទិភាពលើការរៀបចំ និងកិច្ចដំណើរការយន្តការសម្របសម្រួល តាមដានត្រួតពិនិត្យនិងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ។ ព្រមទាំង ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវគុណតម្លៃរបស់ស្ថាប័ននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ការធានាឲ្យបាននូវផលិតកម្មធនធានមនុស្ស ដែលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ផងដែរ៕