ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ពេញលេញបានឆាប់ និងការកាត់បន្ថយផលប៉ះពាល់ពីសង្រ្គាមរវាង រុស្ស៊ី និង អ៊ុយក្រែន តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល, សេដ្ឋកិច្ច និង សង្គម បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា, បានជួយសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងឆាប់ ចេញពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ ទៅកំណើនវិជ្ជមានប្រមាណ ៣% ក្នុងឆ្នាំ ២០២១, និង បន្តកើនឡើងដល់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ព្រមទាំងត្រូវបានព្យាករថានឹងបន្ត កើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និង ទាន់ពេល ដើម្បីចូលរួមចំណែកក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ជាពិសេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕