Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្តាលថៃ រំពឹងកម្រិតបំណុលគ្រួសារធ្លាក់ចុះក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប

Admin Alynana | Feb 16, 2023
ធនាគារកណ្តាលថៃ រំពឹងកម្រិតបំណុលគ្រួសារធ្លាក់ចុះក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប
Clinic narith

ធនាគារកណ្តាលថៃបង្ហាញពីក្ដីរំពឹងចង់ឲ្យ កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្ថិតនៅក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប ដើម្បីជួយកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន បំណុលគ្រួសាររបស់ប្រទេសថៃគិតត្រឹម ត្រីមាសទី៣នៃឆ្នាំ២០២២ មានប្រមាណ ជិត៨៧% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាធ្លាក់ចុះពីជាង ៨៨% កាលពីត្រីមាសទី២ ខណៈកាលពីត្រីមាសទី៤ ឆ្នាំ ២០២១វិញ គឺធ្លាប់មានដល់ទៅប្រមាណជាង ៩០% នៃ GDPឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Bangkok Post។

ដោយឡែក បើគេមើល នៅមុនពេលមានជំងឺរាតត្បាតកូវីដ១៩បំណុលគ្រួសារក្នុងប្រទេសថៃ មានត្រឹមតែប្រហែលជិត៧០% ប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប។

ទេសាភិបាលធនាគារកណ្តាលថៃ លោក Sethaput Suthiwartnaruput បាននិយាយថា បំណុលក្នុងគ្រួសារមានកំណើនខ្ពស់ គឺជាហេតុផលមួយដែលធនាគារកណ្តាលថៃ មិនអាចដំឡើងអត្រាការប្រាក់បន្ថែមទៀតបាន។

ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អតិផរណា និងអត្រាការប្រាក់កើនឡើងផងនោះ ប្រសិនបើរាជរដ្ឋាភិបាលទីក្រុងបាងកកមិនចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទេ នោះនៅអំឡុងឆ្នាំ២០២៧ បំណុលគ្រួសារនឹងមានដល់ ៨៤% នៃផលិតផលក្នុងស្រុកសរុប។ ហើយកម្រិតបំណុលដែលមានទំហំខ្ពស់ជាង ៨0% នៃផលិតផលក្នុងស្រុកសរុបបែបនេះ ប្រាកដណាស់ថា គឺជាដើមចមដែលបង្ករហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។

ធនាគារកណ្តាលប្រទេសថៃបានឱ្យដឹងទៀតថា ខ្លួនមានគោលបំណងកាត់បន្ថយបំណុលគ្រួសារឱ្យនៅកម្រិតមួយប្រកបដោយនិរន្តរភាព ហើយគ្រោងនឹងចេញសេចក្តីណែនាំ ដើម្បីដោះស្រាយបញ្ហានេះ រួមទាំងផ្សព្វផ្សាយពីវិធីដោះស្រាយបំណុលដែលមានស្រាប់ និងផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវថ្មីមួយ។

សូមជម្រាបថា ការិយាល័យឥណទានជាតិប្រទេសថៃហៅកាត់ថា NCB បាននិយាយកាលពីខែធ្នូថា ខ្លួនរំពឹងថា បំណុលគ្រួសារនឹងបន្តកើនឡើង បើគិតក្នុងទំហំប្រាក់កម្ចី បើទោះបីជាអនុបាតធៀបទៅនឹងផលិតផលក្នុងស្រុកសរុប មានការធ្លាក់ចុះក៏ដោយ។ គេជឿថា ប្រាក់កម្ចីបែបឌីជីថល និងលក្ខណៈហិរញ្ញវត្ថុថ្មីមួយចំនួន គឺសុទ្ធតែជាកត្តាដែលរួមចំណែកដល់កំណើននៃបំណុលក្នុងគ្រួសារនេះ។

យោងតាមប្រភពដដែល បំណុលគ្រួសារសរុបសម្រាប់សមាជិកស្ថាប័នហិរញ្ញវត្ថុរបស់ការិយាល័យឥណទានរបស់ថៃ មានចំនួនសរុបជាង ៣៨៣ ពាន់លានដុល្លារ ក្នុងត្រីមាសទីបីនៃឆ្នាំ២០២២ ដែលចំនួននេះបានកើនឡើងពីជាង ៣៦៥ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ដែលស្មើនឹងកំណើន ៤,៧%។ យ៉ាងណាមិញ កម្ចីអតិថិជនសំខាន់ៗទាំងបួនប្រភេទរបស់ថៃរួមមាន បណ្ណឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន ប្រាក់កម្ចីរថយន្ត និងកម្ចីទិញផ្ទះ កំពុងបង្ហាញពីកំណើនដ៏រឹងមាំ៕