(កំពង់ឆ្នាំង)៖ ទីលានដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហាន១ ដែលជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងបានឱ្យដឹងថា គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ដែលនិងគ្រោងឱ្យប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំ (២០២២រហូតដល់២០៣២) សំរាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្នមានចំនួន១០តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់៣៤តោនក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ៕