Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាល្លឺម៉ង់បង្ហាញបំណងចង់បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

Admin Alynana | Mar 01, 2023
ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាល្លឺម៉ង់បង្ហាញបំណងចង់បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា
Clinic narith

ប្រមុខដឹកនាំដឹករាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មានក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ មួយចំនួនបានបង្ហាញបំណងចង់វិនិយោគក្នុងវិស័យឧស្សាហកម្មយានយន្ត តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកល្បីៗរបស់អាល្លឺម៉ង់នៅកម្ពុជា។

ការបង្ហាញពីគោលបំណងវិនិយោគរោងចក្រផ្គុំ និងដំឡើងរថយន្ដនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យយានយន្តកត់សម្គាល់ឃើញថា គឺនៅស្របពេលដែល ការនាំចូល និងប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ ហើយអ្នកជំនាញវាយតម្លៃថា ទីផ្សាររថយន្តថ្មីនឹងវាយលុកលើទីផ្សាររថយន្តជជុះនៅពេលអនាគតដ៏ខ្លីខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាង នៅថ្ងៃទី ២៧ ខែកុម្ភៈថា មានក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាល្លឺម៉ង់បានបង្ហាញបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកល្បីៗរបស់អាល្លឺម៉ង់នៅកម្ពុជា។ ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តទាំងនោះ បានអមដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ មកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជាចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែកុមុ្ភៈ ឆ្នាំ២០២៣។

ទន្ទឹមនឹងប្រកាសស្វាគមន៍ការបង្ហាញបំណងចង់បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មកកម្ពុជាសម្តេចតេជោ ហ៊ុន សែន ហាក់បង្ហាញក្តីបារម្ភចំពោះធនធានជំនាញបច្ចេកទេសបម្រើឲ្យខ្សែចង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មមួយនេះ។ ជាមួយគ្នានេះ សម្តេចក៏បានបន្តលើកទឹកចិត្ត និងជំរុញឲ្យសិស្ស និស្សិតចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសម្រាប់ការសិក្សាបន្តនៅវិទ្យាស្ថាន ឬសកលវិទ្យាល័យ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការ ដែលរំពឹងមានការកើនឡើងខ្ពស់នៅថ្ងៃអនាគត។ ជាពិសេសដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា។

ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាកត់សម្គាល់ឃើញថា ការនាំចូល និងប្រើប្រាស់រថយន្តនៅកម្ពុជាមានការកើនឡើងគួរឲ្យសម្គាល់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែង ក្នុងចំណោមកំណើន២០% នៃការនាំចូលរថយន្តកាលពីឆ្នាំ២០២២ ការនាំចូលរថយន្តថ្មីមានការកើនឡើងជាង៥០% ខណៈរថយន្តជជុះមានការកើនឡើងតែជាង២០% ប៉ុណ្ណោះ ដែលនិន្នាការនេះត្រូវបានអ្នកជំនាញវាយតម្លៃថា ទីផ្សាររថយន្តថ្មីអាចនឹងវាយលុកទីផ្សាររថយន្តជជុះក្នុងរយៈពេលដ៏ខ្លីខាងមុខ។

អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាចម្បងដែលជំរុញឲ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងបែបនេះ គឺដោយសារកំណើនជីវភាពរបស់ប្រជាជនមានការកើនឡើង ដែលធ្វើឲ្យពួកគេមានលទ្ធភាពអាចប្រើប្រាស់រថយន្តថ្មី ស្របពេលតំលៃរថយន្តថ្មីបច្ចុប្បន្នប្រហាក់ប្រហែលនឹងរថយន្តជជុះដែលនាំចូលពីក្រៅប្រទេស។ បន្ថែមលើនេះ ការយល់ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធការប្រើប្រាស់រថយន្ត និងសុវត្ថិភាពក្នុងការបើកបរមានការកើនឡើង គួបផ្សំការផ្តល់ជូននូវការធានាគុណភាព សេវាថែទាំ ក៏ដូចសេវាកម្មក្រោយការលក់របស់ក្រុមហ៊ុនរថយន្តថ្មីមានភាពល្អប្រសើរ៕