ទិន្នផលខាងផ្នែកចង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា បានកើនឡើងប្រមាណ១៥.៨ ពាន់លានដុល្លារនៅឆ្នាំ ២០២២ កន្លងទៅនេះ ពោលគឺរក្សាបានកំណើនប្រមាណ ៨៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ (ក្រសួងឧស្សាហកម្ម វបន) ចេញផ្សាយកាលពីថ្ងៃអង្គារ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួង ឧស្សាហកម្ម វបន នៅទីស្តីការក្រសួង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វបន បានលើកឡើងថា ផលិតផលឧស្សាហកម្មតម្លៃ ១១.៤ ពាន់ដុល្លារ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែរ តម្លៃផលិផលប្រមាណ៤.៣៥ ពាន់លានដុល្លារត្រូវបានលក់ទៅកាន់ទីផ្សារនៅក្នុងស្រុក។
ជាងនេះទៀត រោងចក្រឧស្សាហកម្មបានបង្កើតការងារប្រមាណ ១ លានកន្លែង ពោលគឺកើនឡើងប្រមាណ ៤ ភាគរយ។
វិស័យឧស្សាហកម្មនៅតែរក្សាបានស្ថេរភាពល្អ បន្ទាប់ពីប្រឈមមុខនឹងការរាតត្បាតនៃជំងឺ កូវីត ១៩ នៅទូទាំងប្រទេសកម្ពុជា ដែលធ្វើអោយប៉ះពាល់ទៅដល់ប្រតិបត្តិការអាជីវកម្ម និង បញ្ជាទិញ ផងដែរ។
ឯកឧត្តម បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានកត់សំគាល់ឃើញថា ក្នុងឆ្នាំ ២០២២ កន្លងទៅនេះ លទ្ធផលស្នាដៃជាច្រើនបានកើតឡើង និងមានវឌ្ឍនភាពគួរជាទីមោននៈ។ ក្រៅពីរីកចម្រើនលើវិស័យឧស្សាហកម្ម សហគ្រាស ធុនតូច និង មធ្យម វិស័យទឹកស្អាត ស្តង់ដារ មាត្រាសាស្រ្ត និង អ្វីដែលបានរៀបចំថ្មី បានបោះជំហានក្នុងការគាំទ្រ និង ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ពាក់ព័ន្ធវិស័យនេះ ឯកឧត្តម ប៊ិន ឈិន បានលើកឡើងពីការរៀបចំជាលើកដំបូង នូវព្រឹត្តិការណ៍ទិវា ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២៣ខាងមុខ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ នឹងបង្កើនការចាប់អារម្មណ៍ និងទាក់ទាញ បន្ថែមទៀតដល់ការសិក្សាស្រាវជ្រាវ និងការជំរុញល្បឿនអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា បង្កើតជាកាលានុវត្តភាពសម្រាប់ធ្វើធុរកិច្ច និង វិនិយោគ រួមចំណែកដល់ការជំរុញល្បឿនអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យប្រកបដោយបរិយាប័ន្ន។
ដោយ សុខ សិទ្ធិការ្យ