រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងក្នុងតំបន់គ្រីមៀរ ដោយចោទអ៊ុយក្រែនជាអ្នកបញ្ជូនមកបង្កហេតុវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានTASS។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធទី ១ ខែមីនាថា កងកម្លាំងរបស់ខ្លួនបានវាយបកនូវអ្វីដែលពិពណ៌នាថាជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំនៅលើតំបន់គ្រីមៀ បញ្ជាដោយកងកម្លាំងអ៊ុយក្រែន។ ក្រសួងថា យានគ្មានមនុស្សបើកចំនួនប្រាំមួយជាលទ្ធផលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ ក្រសួងបានបន្តថា ជុំវិញការវាយប្រហារនេះ មិនមានអ្នកស្លាប់ ឬរបួសនោះទេ។
សេចក្តីរាយការណ៍ព័ត៌មាននេះ បានកើតឡើងក្រោយគ្នានឹងសេចក្តីរាយការណ៍វាយប្រហារពីយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ភាគខាងត្បូងរុស្ស៊ី និងចំពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងធ្វើឡើងយ៉ាងក្តៅកកុកនៅទីក្រុងបាក់មុតខេត្តដូណេតភាគខាងកើតអ៊ុយក្រែន។ សូមរំលឹកជាថ្មីថា តំបន់គ្រីមៀរដែលធ្លាប់ជាទឹកដីអ៊ុយក្រែន ត្រូវបានរុស្ស៊ីដាក់បញ្ចូលជាទឹកដីខ្លួនតាំងពីឆ្នាំ២០១៤ ខណៈអ៊ុយក្រែនបានប្តេជ្ញាថា នឹងដណ្តើមយកមកវិញឲ្យបាន៕