ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់ប្រទេសសិង្ហបុរី ស្នើសុំកិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។
ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD បានស្នើបែបនេះ ទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូន ពលករផ្នែកសំណង់ អោយបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។
លោក បន្ថែមទៀត ថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ លោក បញ្ជាក់ទៀតថា ក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។
នាយកប្រតិបត្តិក្រុមហ៊ុន បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន ជូនដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល៕