(ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសមជាមួយម្ចាស់ជំនួយរបស់អង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ SNV ដែលដឹកនាំដោយ លោកស្រី Carmen Heinze តំណាងម្ចាស់ជំនួយមកពីប្រទេសហូឡង់ ព្រមទាំងសហការីសរុបចំនួន ១០រូប។
ក្នុងជំនួបពិភាក្សានេះ ដែលប្រព្រឹត្តនៅថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០២៣ នៅទីស្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្រ្ដីបានចែករំលែកអំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែនិងថាមពល និងវឌ្ឍនភាពសំខាន់ៗនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺថាមពលស្អាត និងការងារប្រសិទ្ធភាព ថាមពល។
ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីដំណើរការសុំបន្ដអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ SNV លើគម្រោងថ្មីមួយដែលមានឈ្មោះថា "គម្រោងអភិវឌ្ឍន៍ទីផ្សារចង្រ្កានដែលប្រើថាមពលស្អាត" ដែលមានរយៈពេលចាប់ពីខែកក្ដដា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រតិបត្តិការនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
កន្លងមក ក្រសួងមានកិច្ចសហប្រតិបត្តិការជាមួយអង្គការអភិវឌ្ឍន៍ហូឡង់នៅប្រទេកម្ពុជាចាប់តាំងពីឆ្នាំ២០០៥ និងធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងរ៉ែនិងថាមពលកាលពីឆ្នាំ២០១៦ ក្នុងការអនុវត្តន៍គម្រោងការបង្កើនលទ្ធភាពប្រើប្រាស់ថាមពលនៅកម្ពុជា២០១៦-២០២០ (Increasing Engery Acess in Cambodia 2016-2020)៕