Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាលើកឡើងថាបាត់បង់ជំនួយបច្ចេកទេស ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម បន្ទាប់ពីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចLDC

Media LNN | Mar 09, 2023
កម្ពុជាលើកឡើងថាបាត់បង់ជំនួយបច្ចេកទេស ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម បន្ទាប់ពីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចLDC
Clinic narith

កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទ LDC5  ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងដូហា ប្រទេសកាតា។

ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកាតា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ និងបានលើឡើងអំពីយុទ្ធសាស្ដ្រសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា តាមរយៈការចូលជាសមាជិក ASEAN និង អង្គការ WTO ក៏ដូចជាការបំពេញតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងក្របខ័ណ្ឌទាំងនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

ក្នុងតួនាទីសកម្មរបស់កម្ពុជាក្នុងតំបន់ ឯកឧត្ដមក៏បានលើកឡើងដែរថា កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានរៀបចំសិក្ខាសាលាកិច្ចពិភាក្សាថ្នាក់តំបន់ ស្ដីពី LDC5 សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចូលរួមសហការពីអង្គការ WTO, UN-OHRLLS និង Enhance Integrated Framework (EIF) ព្រមទាំង UN Regional Economic Commissions ដែលសិក្ខាសាលានេះបានពិភាក្សាលើប្រធានបទសំខាន់ៗ ជាធាតុចូលសម្រាប់ បណ្ដាដៃគូអភិវឌ្ឍន៍ និង ប្រទេស LDCs ជាពិសេស​ LDCs ដែលត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC

ឯកឧត្ដមរដ្ឋមន្ដ្រី បានជម្រាបជូនអង្គប្រជុំអំពី ការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដែលជាផ្នែកស្នូលមួយនៃយុទ្ធសាស្ដ្ររយៈពេលវែងនៃការចាកចេញពីចំណាត់ថ្នាក់ LDC។​ ក្នុងនាមជាសមាជិក ASEAN កម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP)។ បន្ថែមពីនោះទៀត កម្ពុជាបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានរួចរាល់ហើយ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពអារ៉ាប់អេមីរ៉េត ដែលរំពឹងទុកថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីកម្ពុជាដែលត្រូវបានវាយតម្លៃលើកទី១ គណៈកម្មការ UN ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ថាកម្ពុជាអាចមានលក្ខណៈសម្បត្តិចាកចេញពី LDC category ជាលើកទី១ នៅឆ្នាំ២០២១ ហើយកម្ពុជាត្រូវជាប់លក្ខខណ្ឌនេះជាលើកទី២ សម្រាប់ការវាយតម្លៃម្ដងទៀតជាលើកទី២ នៅដើមឆ្នាំ២០២៤ ទើបអាចសម្រេចថាកម្ពុជាអាចចាកចេញពី LDC category នៅឆ្នាំ២០២៧ ឬឆ្នាំបន្ដបន្ទាប់ទៀត។

 ឯកឧត្តមបានកត់សម្គាល់អំពី បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងពាណិជ្ជកម្ម ដូចជា ការបាត់បង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់​ថ្នាក់ LDC។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការពន្យារពេលក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសនិងដោយឡែក, កម្មវិធីកសាងសមត្ថភាពនិងជំនួយបច្ចេកទេសចំពោះ LDCs, ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយឯកឧត្តមបានលើកឡើងអំពី កម្មវិធីសកម្មភាពដូហាសម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដីសម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូនសម្រាប់ប្រទេសកំពុងចាកចេញពី LDC category ឆ្នាំ២០០៤ និង​ ២០២១។

ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ដៃគូអភិវឌ្ឍន៍ ក្នុងការច្របាច់បញ្ជូលយុទ្ធសាស្ដ្រអន្តរកាលយ៉ាងរលូន ទៅក្នុងកម្មវិធីជំនួយ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសដែលកំពុងចាកចេញពី LDC មុនពេល និងក្រោយពេលចាកចេញ៕