ប្រទេសកម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាននៅក្នុងជំនួប ដែលធ្វើឡើង កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ភាគីទាំងពីរនឹងធ្វើការពិនិត្យ និងពិភាក្សារួមគ្នាលើគោលនយោបាយ, យុទ្ធសាស្ត្រភាពជាដៃគូ, និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ជា អាទិភាព ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់, ទស្សនទាន, ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance-ODA) របស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF/ Korea Eximbank) ដើម្បីសម្រេចនូវការឯកភាពគ្នាជាគោលការណ៍ ដោយត្រូវចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ (Aide Memoire of 2023 EDCF Policy Dialogue) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
លោក បានគួសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លាន ដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ លានដុល្លារអាមេរិក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រឲ្យមានការសិក្សា គម្រោងគមនាគមន៍នានា ដែលជាការតភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅប៉ែកខាងកើតរាជធានីភ្នំពេញផងដែរ។ ប្រទេសកម្ពុជា ជាប្រទេសឈនៅលំដាប់ទី ២ ក្នុងចំណោមប្រទេសទាំង ១០ ដែលជាដៃគូកិច្ចសហ-ប្រតិបត្តិការជាមួយ EDCF ។ គិតចាប់ពីឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២, ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០ លាន ដុល្លារអាមេរិក។
កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម ។
ភាគីទាំងពីរក៏បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕