រដ្ឋាភិបាលអូស្រ្តាលី ជំរុញលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និង អូស្រ្តាលីកានតែប្រសើរឡើង លើវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ កសិកម្ម លទ្ធិប្រជាធិបតេយ្យ ជាដើម នេះបើយោងតាមឯកអគ្គរដ្ឋទូតអូស្រ្តាលី ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តី កម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាមានប្រសាសន៍ថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តមនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។
សម្ដេចតេជោ ហ៊ុន បានសំដែងនូវការស្វាគមន៍ជូនចំពោះឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។ សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត៕