ក្រសួងរ៉ែនិងថាមពលបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំវេទិកាផ្សព្វផ្សាយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពល២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០។
គោលបំណងនៃវេទិកាគឺដើម្បីធ្វើការផ្សព្វផ្សាយអំពីឯកសារគោលទាំងពីរ ដែលរាជរដ្ឋាភិបាលទើបតែអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ដែលឯកសារទាំងពីរនេះនឹងចង្អុលបង្ហាញឱ្យកម្ពុជាបំពេញចក្ខុវិស័យនៃការផ្តល់ប្រភពថាមពលដល់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃសមរម្យ អាចទុកចិត្តបាន និងមានសុវត្ថិភាពក្នុងការផ្គត់ផ្គង់សម្រាប់គ្រប់វិស័យទូទាំងប្រទេស ព្រមទាំងឆ្ពោះទៅរកអន្តរកាលថាមពល ដោយរក្សាបាននូវសន្តិសុខថាមពលនិងមានចីរភាព ទន្ទឹមនឹងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានកម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា ឯកសារផែនការមេមានការត្រួតពិនិត្យ ណែនាំ និងទម្រង់ទិសតាមជំហាននៃការសិក្សានីមួយៗដោយក្រុមការងារបច្ចេកទេស និងពិនិត្យសម្រេចដោយគណៈកម្មាធិការអន្តរស្ថាប័ន។
ផែនការមេនេះមានគោលដៅសំខាន់ៗចំនួន៣គឺ៖ ១. បំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់តាមកំណើននៃតម្រូវការអគ្គិសនីនាពេលអនាគត ជាមួយនឹងការផ្តល់ការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាននិងមានថ្លៃសមរម្យ ២. ពង្រឹងសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុក ៣. បង្កើនការអភិវឌ្ឍថាមពលស្អាតរួមមានថាមពលកកើតឡើងវិញ និងថាមពលកកើតឡើងវិញប្រែប្រួល និងប្រសិទ្ធភាពថាមពលឱ្យបានជាអតិបរមាដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ។ ដោយឡែក ឯកសារប្រសិទ្ធភាពថាមពលត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងនៅឆ្នាំ២០១៩ ដែលគោលនយោបាយនេះបានកំណត់នូវគោលដៅប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលតាមរយៈវិធានការប្រសិទ្ធភាពថាមពលយ៉ាងតិចឱ្យបាន១៩% ត្រឹមឆ្នាំ២០៣០ ដោយធៀបនឹងសេណារីយ៉ូគ្មានវិធានការប្រសិទ្ធភាពថាមពល ឬសេណារីយ៉ូធុរកិច្ចធម្មតា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវឯកសារគោលទាំងពីរនេះមិនត្រឹមតែជាជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក។