(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈជាទូទៅនៅក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។
ឯកឧត្តម បានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ ៤សែនប៉ុណ្ណោះ។
ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលកន្លងមក ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរអំពីការខ្វះខាតប្រេង ដោយសារតែការប្រើប្រាស់មានច្រើនជាងមុន ។ ពួកគាត់ ឲ្យដឹងទៀតថា បើនិយាយដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងពេលនេះ គឺអាចទទួលយកបាន ខណៈពីមុនប្រេងឥន្ធនៈធ្លាប់ឡើងថ្លៃដល់ជាង ៥ ០០០រៀល ក្នុង១លីត្រ ហើយបច្ចុប្បន្ននេះសម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤ ៣០០រៀល និងប្រេងម៉ាស៊ូត ៤ ២៥០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រសួងពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈ ខណៈសភាពការណ៍ប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួល និងតម្រូវការប្រើប្រាស់ច្រើនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម៕