ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិកដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ជាងនេះទៅទៀត លោក ក៏បានជម្រាបជូនអំពីស្ថានភាពបរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ក៏ដូចជានីតិវិធីផ្សេងៗក្នុងការស្នើសុំបង្កើតក្រុមហ៊ុន រោងចក្រ ធនាគារ និងលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាដែលមានតម្រូវការខ្ពស់ និងទីផ្សារល្អ។
នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ជាគណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ក៏បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។
ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុន Singpoli Group សហរដ្ឋអាម៉េរិកក៏បានធ្វើបទបង្ហាញជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីប្រតិបត្តិការ, ផលិតផលរបស់ក្រុមហ៊ុន និងពានរង្វាន់ដែលក្រុមហ៊ុនទទួលបាន និងជាពិសេសនោះគឺ បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជាតែម្តង ៕