មហាសេដ្ឋីអាមេរិក Elon Musk ស្គាល់ថាជាម្ចាស់កម្មវិធីធ្វីតធ័រដែលបានទិញកម្មវិធីនេះកាលពី៦ខែមុនក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ស្រាប់តែបានចេញបញ្ជាក់ថា ធ្វីតធ័រឥឡូវមានតម្លៃសល់ត្រឹមតែ ២០ពាន់លានដុល្លារប៉ុណ្ណោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Twitter Inc លោក Elon Musk ជាមហាសេដ្ឋីលំដាប់លេខមួយរបស់ពិភពលោក បានផ្តល់តម្លៃថ្មីឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធ័រក្នុងតម្លៃជិត ២០ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ទី ២៥ ខែមីនា ដោយដកស្រង់សំដីមនុស្សម្នាក់ដែលស្គាល់អ៊ីមែល Musk ផ្ញើទៅកាន់បុគ្គលិកធ្វីតធ័រ (Twitter)។ ការវាយតម្លៃដែលបានរាយការណ៍នេះគឺមានតម្លៃតិចណាស់ តិចជាងពាក់កណ្តាលធៀបនឹងតម្លៃដែលលោក Musk បានទិញកាលពីពេលដំបូងខែតុលាឆ្នាំ២០២២ តម្លៃ៤៤ ពាន់លានដុល្លារ បង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃទីផ្សាររបស់ធ្វីតធ័រ។
ព័ត៌មានបន្ថែម Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអ៊ីមែលរបស់រ៉យទ័រសម្រាប់ការធ្វើអត្ថាធិប្បាយទេ។ លោក Musk បាននិយាយកាលពីខែធ្នូថា Twitter កំពុងតែស្ថិតនៅលើផ្លូវចំណោតធ្លាក់ចុះនៃលំហូរសាច់ប្រាក់សម្រាប់ឆ្នាំ ២០២៣ ខណៈដែលអ្នកផ្សាយពាណិជ្ជកម្មដាក់ក្នុងកម្មវិធីសំខាន់ៗ បានកាត់បន្ថយការចំណាយរបស់ពួកគេសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដកចេញមិនសូវចង់ផ្សាយពាណិជ្ជកម្មទៀតទេ ក្រោយដឹងថាលោកម៉ាសជាម្ចាស់នៃកម្មវិធីនេះ៕