ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា និង លោក Nasser Bourita រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក នៅថ្ងៃចន្ទនេះ បានសន្យាជំរុញការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រ និង វប្បធម៌ ក៏ដូចជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នារៀបចំវេទិកានាពេលខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកឱកាសអាជីវកម្ម និងបានជំរុញសហគមន៍ធុរកិច្ចពីភាគីទាំងពីរជំរុញពាណិជ្ជកម្ម និង ការវិនិយោគ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីទាំងពីរនៅទីក្រុង Rabat។
ប្រទេសទាំងពីរចែករំលែកទស្សនៈស្រដៀងគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន សេចក្តីថ្លែងការណ៍បានអានដោយបន្ថែមថា ពួកគេបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការលើកកម្ពស់ពហុភាគីនិយម និងការរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍។
ប្រទេសទាំងពីរ ក៏បានសាទរចំពោះទំនាក់ទំនងរបស់ពួកគេដែលមានលក្ខណៈមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាផលប្រយោជន៍ រួម។
បន្ទាប់ពីជំនួបពិភាក្សាគ្នា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍ ដែលសំដៅពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕