អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺ កូវីដ-១៩។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាសិក្ខាសាលានេះ មានគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៩៤៨លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣លានដុល្លារអាម៉េរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៧៧៥លានដុល្លារអាម៉េរិក។
ឯកឧត្តម បញ្ជាក់ថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញចំនួន២ ពីសំណាក់វាគ្មិនជាវិស័យឯកជនជប៉ុនដែលរួមមាន៖ បទបង្ហាញទី១ ស្តីពី “និន្នាការទីផ្សារជប៉ុននាពេលចុងក្រោយ” បទបង្ហាញទី២ ស្តីពី “សក្តានុពលនៃផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មផ្សេងៗនៅកម្ពុជា” ដោយលោក Kazuhiro Okuda អ្នកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន S.E.A.T.S Farm។
ក្នុងសិក្ខាសាលានេះក៏មានវិស័យឯកជនកម្ពុជាមួយចំនួនមានចំណាប់ អារម្មណ៍លើព័ត៌មាននានាទាក់ទងនឹងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសជប៉ុន និន្នាការកំពុងនិងផលិតផលកំពុងពេញនិយមនៅប្រទេសជប៉ុន នីតិវិធីនាំចេញទៅលកាន់ប្រទេសជប៉ុន ហើយវាគ្មិនក៏បានផ្តល់នូវចម្លើយយ៉ាងលំអិតផងដែរ។
ថ្លែងក្នុងសុន្ទរកថាបិទសិក្ខាសាលា លោកបណ្ឌិត Kunihiko HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន មានចំណាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។
លោកបណ្ឌិត បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព។ លោកបណ្ឌិត ក៏បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ។