Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ ក្រុមហ៊ុន កាលពីឆ្នាំ២០២២ កន្លងទៅនេះ

Media LNN | Apr 07, 2023
ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ ក្រុមហ៊ុន កាលពីឆ្នាំ២០២២ កន្លងទៅនេះ
Clinic narith

 

ក្នុងពិធិបើកសិក្ខាសាលាស្តីពី សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា”​ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជាបានបញ្ជក់ថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ ក្រុមហ៊ុន ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ ២០២១ មានត្រឹម ៧,៦៧៧ ក្រុមហ៊ុន កើនឡើង ៣៩.៣៩ ភាគរយ។

លោកស្រីបញ្ជាក់បន្ថែមទៀត ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យមានយន្តការដោះស្រាយវិវាទប្រកប​ដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។ ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឱ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។

 

ថ្លែងក្នុងពិធីបើក លោកជំទាវអនុរដ្ឋលេខាធិការ​ បានមានប្រសាសន៍ថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ដឹកនាំដោយក្រសួងពាណិជ្ជកម្ម ។ ការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យប្រទេសកម្ពុជាមានកាតព្វកិច្ចដាក់ចេញនូវវិធានពាណិជ្ជកម្មជាក់លាក់ ដែលអនុលោមទៅតាមវិធានពាណិជ្ជកម្ម ក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ហេតុដូចនេះប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ បទប្បញ្ញត្តិដែលមានស្រាប់ និងត្រូវបង្កើតច្បាប់ បទប្បញ្ញតិ្តថ្មីៗ ជាច្រើនទៀតក្នុងការបំពេញតាមលក្ខខណ្ឌសមាជិកភាពរបស់ខ្លួន ដើម្បីអាចឱ្យប្រទេសកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោកប្រកបដោយតម្លាភាព។

 

លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងថា ការបង្កើតឱ្យមាននូវច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ ក្នុងនីតិកាលទី៣នៃរដ្ឋសភា គឺជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីទាក់ទាញការវិនិយោគ តាមរយៈការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលដល់វិស័យឯកជនមកពីគ្រប់ជាតិសាសន៍អាចធ្វើការប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត និងមានតម្លាភាព។ ជាការពិត បើនិយាយក្នុងក្របខ័ណ្ឌសកលលោក នៅពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬលំហូរវិនិយោគកាន់តែកើនឡើង វិវាទផ្នែកពាណិជ្ជកម្មក៏កាន់តែច្រើនឡើងៗផងដែរ។ វិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពដែល បានកើន​ឡើងពី ២៥ករណី នៅឆ្នាំ១៩៩៥ រហូតដល់ ប្រមាណជាង៦០៧ករណី គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ ដែលតម្រូវឱ្យមានការពិគ្រោះយោបល់ និងដោះស្រាយវិវាទក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ WTO