បើទោះជាមតម្លៃប្រេង មានការប្រែប្រួលឡើងចុះ យ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជា នៅតែមានការផ្គត់ផ្គង់ល្អប្រសើរសម្រាប់ទីផ្សារក្នុងស្រុក ដោយមិនមានការព្រួយបារម្ភឡើយ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ប៉ែន សុវិជាតិ បានលើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា លក់ផ្អែកតាមតម្លៃទីផ្សារអន្តរជាតិ។ មួយរយៈចុងក្រោយនេះ ទីផ្សារប្រេងនៅលើពិភពលោក បានធ្លាក់ចុះថ្លៃបន្តិចមកវិញ ដូច្នេះកម្ពុជា នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងក៏នឹងធ្លាក់ចុះដូចគ្នា។
លោក ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនេះ មិនច្រើនទេ តែក៏ជាការសប្បាយរីករាយ ព្រោះតម្លៃបានធ្លាក់ចុះបន្តិចមកវិញ។ បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យពលរដ្ឋ ចូលរួមប្រើប្រាស់ប្រេង ដោយសន្សំសំចៃខ្លះ ដើម្បីកាត់បន្ថយការចំណាយ ដូចជាការធ្វើដំណើរដោយមិនចាំបាច់ជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងសប្តាហ៍នេះមានតម្លៃ ៤៤០០រៀល(ចុះថ្លៃ ៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០៥០រៀល(ចុះថ្លៃ១០០រៀល) ក្នុងមួយលីត្រ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ២១-៣០ ខែ មេសា ឆ្នាំ ២០២៣។
បច្ចុប្បន្នកម្ពុជា មិនទាន់មានកន្លែងស្តុកប្រេងរបស់រដ្ឋនៅឡើយ ប៉ុន្តែវិស័យឯកជនអាចបំពេញតម្រូវការគ្រប់គ្រាន់ ដោយអាចធានាបានរយៈពេល ៣ខែ សម្រាប់ការប្រើប្រាស់ក្នុងស្រុក បើទោះជាមិនមានការនាំចេញ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា សព្វនេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕