Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗបានធ្លាក់ចុះពី ១៧ ទៅ ៥០ ភាគរយនៅឆ្នាំនេះ

Media LNN | Apr 21, 2023
ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗបានធ្លាក់ចុះពី ១៧ ទៅ ៥០ ភាគរយនៅឆ្នាំនេះ
Clinic narith

យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗបានធ្លាក់ចុះពី ១៧ ទៅ ៥០ ភាគរយនៅឆ្នាំនេះ។

ក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាង ៥០ ភាគរយមកត្រឹម ២៨៤ លានដុល្លារអាមេរិក​​ ចំណែក​ការនាំចេញទៅអូស្ត្រាលី​បាន​ធ្លាក់​ចុះ ៣០ ភាគរយមក​នៅ​ត្រឹម ៦៥ លាន​ដុល្លារ ។

ចំពោះទីផ្សារចិន ទោះបីជាប្រទេសបានបើកដំណើរការឡើងវិញក៏ដោយ តែការនាំចេញទៅកាន់ទីផ្សារនេះ មានតម្លៃត្រឹមតែ ២៧៩ លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំមុន ២៣ ភាគរយ​ ខណៈជប៉ុន កូរ៉េខាងត្បូង និងថៃ បាននាំចូលតិចជាងឆ្នាំមុនពី ៧ ទៅ ១៧ ភាគរយ ។​ ទន្ទឹមនេះ ការនាំចេញសរុបនៅក្នុងត្រីមាសទី ១ បានធ្លាក់ចុះ ២៨ ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ១.៨ ពាន់លានដុល្លារ ។

ដោយឡែក ចំពោះមុខទំនិញសំខាន់ៗដូចជា ត្រីងៀត បង្គា និងត្រីធូណា បានធ្លាក់ចុះពី ៣០-៣៧ ភាគរយ ខណៈពេលដែលការនាំចេញក្តាម និងផលិតផលផ្សេងទៀតបានធ្លាក់ចុះ ២-៤២ភាគរយ។

បើយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) បានឲ្យដឹងថា ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង ដោយសារអតិផរណាពិភពលោកបានប៉ះពាល់ដល់តម្រូវការ ហើយទិន្នផល​ធ្លាក់​ចុះ​ព្រោះតែ​អ្នក​នេសាទ និង​អាជីវកម្ម​វារីវប្បកម្ម​ខ្វះ​ដើមទុន ។

VASEP រំពឹងថា ការនាំចេញអាហារសមុទ្រនឹងងើបឡើងវិញក្នុងត្រីមាសទី ៣ ប៉ុន្តែក៏លុះត្រាតែមានគោលនយោបាយគាំទ្រដើម្បីកាត់បន្ថយពន្ធ រំកិលប្រាក់កម្ចី និងឧបត្ថម្ភការប្រាក់កម្ចីជាដើម ។

ដើម្បីជួយដោះស្រាយបញ្ហានេះ រដ្ឋាភិបាលវៀតណាម បានពន្យារពេលការបង់ពន្ធអាករលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូលសាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងការជួលដី ដើម្បីជួយសម្រាលបន្ទុកលើអាជីវកម្ម ។ ចំពោះបញ្ហាពន្ធ វៀតណាម បានកាត់បន្ថយពន្ធលើតម្លៃបន្ថែមមកត្រឹម ៨ ភាគរយប៉ុណ្ណោះ៕