Alynana Media Cambodia
Icon Collap
clinic narit

ចំណូល​កម្ម​ករ​​ និយោជិក សហគ្រាស​នានា​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ខេត្ត​ស្វាយ​រៀង ១ ខែ​ទទួលបាន​ជាង​ ២៥​លាន​ដុល្លារ

Media LNN | Apr 27, 2023
ចំណូល​កម្ម​ករ​​ និយោជិក សហគ្រាស​នានា​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ខេត្ត​ស្វាយ​រៀង ១ ខែ​ទទួលបាន​ជាង​ ២៥​លាន​ដុល្លារ
Clinic narith

បើ​តាម​ការ​អះអាង​របស់​លោក​ ម៉ែន​ វិបុល អភិបាល​ខេត្ត​ស្វាយ​រៀង​បាន​អះអាងថា ចំណូល​របស់​​កម្មករ និយោជិក ដែល​​ទទួល​បាន​ពី​ការ​​បំពេញ​​ការងារ​​នៅ​​តាមរោងចក្រ សហគ្រាស​នានា​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ​មាន​រហូត​ដល់​ ២៣ ទៅ​ ២៥លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ ។

12CCC767-496F-476D-8CE4-0E7082B4CB90

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀប​ចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣​​ លោក​ ម៉ែន វិបុល បាន​ចង្អុល​បង្ហាញ​ថា តាម​រយៈការ​បង្កើត​​តំបន់​សេដ្ឋកិច្ច​ពិសេស​តាំង​ពី​កំឡុង​ឆ្នាំ២០០៥​ ដែល​មាន​រោងចក្រ​សហគ្រាស​​ដំណើរ​ការ​ បាន​ជួយ​សម្រួល​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

មក​ទល់​ពេលបច្ចុប្បន្ន​នេះ ខេត្ត​ស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន ១២កន្លែង និង​​កំពុង​​ដំណើរ​ការ​ចំនួន ៩កន្លែង ព្រម​ទាំង​សហគ្រាស​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​​ក្រៅ​តំបន់​សេដ្ឋកិច្ច ពិសេស មាន​​រោងចក្រ សហគ្រាស សរុប​ ២៦២កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន ប្រជាពលរដ្ឋ​​ប្រមាណ​​ជាង ៩ម៉ឺននាក់ ក៏​ដូច​ជា​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​កាត់​បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ការ​​​អនុវត្ត​តាម​គោល​នយោបាយ​​បើក​​ទូលាយ និង​ការ​​លើក​ទឹកចិត្ត ដល់​​វិស័យ​វិនិយោគឯកជន​របស់​រាជរដ្ឋាភិបាល ​បាន​ធ្វើ​ឱ្យ​ខេត្ត​ស្វាយរៀង មាន​ការ​អភិវឌ្ឍ​រីក​ចម្រើនគួរ​ឱ្យ​កត់សម្គាល់។

នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​រោងចក្រ​ប្រមាណ​ ១៤៦​រោង​ចក្រ ​មាន​កម្ម​ករ​ជាង​ ៨​ម៉ឺន​នាក់​កំពុង​បម្រើ​ការ។ ចំពោះ​សហគ្រាស​ដែល​កំពុង​ដំណើរ​ក្នុង​ខេត្ត​ក្រៅ​ពី​សំលៀកបំពាក់ រួម​មាន ដំឡើង​​រថយន្ត ផលិតកង់ នាឡិកា សំបកកង់ឡាន ម៉ាស់ បរិក្ខាសុខាភិបាល អំពូលភ្លើង ត្រង់ស្វូរអគ្គិសនី ឆ័ត្រ គ្រឿងសង្ហារឹម បារី តុក្កតា សាឡុង និង​វត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់​គោលដៅនាំចេញទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសផ្សេងៗទៀត។

រាល់កម្មករ កម្មការិនីទាំងអស់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ទទួលបាននូវប្រព័ន្ធគាំពារសង្គមលើការថែទាំសុខភាព តាមរយៈការទទួលបាននូវប័ណ្ណបេឡាជាតិសន្ដិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់ក្នុងការថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៕