Alynana Media Cambodia
Icon Collap
clinic narit

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Media LNN | May 01, 2023
នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
Clinic narith

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួម​ចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញ​ឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិ​មានការកើន​ឡើងជាលំដាប់។ ក្នុងឆ្នាំ២០២២បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានចំនួន​ ៧លានតោន កើនឡើង ០.១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤​ប៊ី​លានរៀល (ប្រមាណ ៨៤លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ កំពង់ផែស្វយ័តក្រុងព្រះ​សីហ​នុ បានអភិវឌ្ឍ និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ដែលរួមមានដូចជា៖ ការសាង​សង់ផែកុងតឺន័រជម្រៅទឹក ១១.៥ម៉ែត្រ, ការសាងសង់ចំណត​ផែពហុ​បំណង ជម្រៅ​ទឹក ១៣.៥ម៉ែត្រ, ការសាងសង់ ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ​សម្រាប់​ការ​រុករក​ប្រេង, ការបំពាក់ឧបករណ៍ និងមធ្យោបាយ លើកដាក់កុងតឺន័រ, ការសាងសង់​ទីលាន​​ស្តុ​កកុងតឺន័រ ឃ្លាំងទំនិញ និងចំណតរថយន្តដឹកកុងតឺន័រ និងការសាងសង់​តំបន់​សេដ្ឋកិច្ចពិសេសជាដើម។

ក៏ប៉ុន្តែសេចក្តីត្រូវការឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម និងការរីកចម្រើនផ្នែក​សេដ្ឋ​កិច្ចរបស់កម្ពុជា ទាមទារឱ្យមានការពង្រីកសមត្ថភាពកំពង់ផែនេះ បន្ថែមទៀត។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ចំណត់បន្ថែមទៀត ឆ្លើយតប នឹងកំណើនកុងតឺន័រ និងដើម្បីសម្រួលដល់ការចូលចតរបស់នានាធំៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះ មានដូខាងក្រោមនេះ៖
* ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែ សម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC (០២គ្រឿង) និងគ្រឿងចក្រ លើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG (០៦គ្រឿង) ដែលនឹងជួយបង្កើន សមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០,០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹង​បញ្ច​ប់​នៅខែកញ្ញា ឆ្នាំ២០២៤។

* ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០,០០០​DWT (ឬស្មើនឹង៤,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូន​នៅក្នុងតំបន់​អាស៊ីប៉ា​ស៊ី​ហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ ផែ បន្ថែមប្រមាណ ៤៥០,០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើ​ប្រាស់រយៈ​ពេល​សាង​សង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

* ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០,០០០DWT (ឬស្មើនឹង ១០,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅ​ក្នុងតំបន់​សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹង​បង្កើន​សមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០,០០០TEUs/១ឆ្នាំ។ គម្រោងនេះ​នឹង​ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់​នៅឆ្នាំ២០២៨។

* ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០,០០០DWT (ឬស្មើនឹង ១៥,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាព​កំពង់ផែបន្ថែមប្រមាណ ៦១៧,០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់​រយៈ​ពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងកែសម្រួលចំណត​ផែកុង​តឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួត​ពិនិត្យ​បច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក។ ក្នុង​នោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លាន​ដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់​ពន្ធអាករផ្សេងៗ​ចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែក​សម្រាប់​គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកា​ប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រ​ទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨​លាន​ដុល្លារ​អាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងសាងសង់ចំណតផែ​កុងតឺន័រ​ថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែ​អន្តរជាតិ​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR) ប្រមាណ ២៣.៣ភាគរយ និងផលប្រយោជន៍ហិរញ្ញវត្ថុ (FIRR) ប្រមាណ ៧.៧% ផងដែរ។

ចំពោះចំណតផែកុងតឺន័រជំហានទី១ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាត​ឱ្យនា​វា​ប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្នមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹក​ជញ្ជូន​តាម​សមុទ្រ (Ocean Freight) នឹងមានតម្លៃប្រហាក់ប្រហែល​ជាមួយបណ្តា​ប្រទេស​ក្នុងតំបន់ផងដែរ។ ជាងនេះទៀត ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ នឹងផ្តល់លទ្ធភាពបន្ថែមសម្រាប់ការនាំ ទំនិញចេញ-ចូល​ដោយផ្ទាល់​ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់​បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតឡើយ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងធ្វើឱ្យ កំពង់ផែនេះ កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ដឹកជញ្ជូន​ទំនិញបានយ៉ាងឆាប់រហ័ស ព្រមទាំង មានតម្លៃថោក សំដៅលើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ជាមួយប្រទេស​ជិតខាង និងប្រទេសនៅក្នុងតំបន់៕