មន្រ្តីទូតកំពូលមួយរូបរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងដំណើការបើក ស្ថានទូតថ្មីមួយ នៅប្រទេសតុងហ្កា ក្នុងខែឧសភានេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បាន និងកំពុងស្វែងរកការគាំទ្រថវិការចំនួន ៧.១ពាន់លានដុល្លារពីសភា សម្រាប់រយៈពេល ២ទសវត្សរ៍ខាងមុខក្នុងការផ្តល់ ជំនួយសេដ្ឋកិច្ច ដល់ប្រទេសចំនួន៣ ក្នុងតំបន់ប៉ាស៉ីហ្វិក ដែលមូលនិធិនេះត្រូវបានគេមើលឃើញថាជាគន្លឹះក្នុងការទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិន។ លោក ដានីញែល គ្រីធិនប្រ៊ីន (Daniel Kritenbrink) បានប្រាប់អនុគណៈកម្មាធិការនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកថាទីក្រុងវ៉ាស៊ីនតោនក៏កំពុងបន្ត ពង្រីកវត្តមានរបស់ខ្លួនក្នុងប្រទេសដែនកោះវ៉ានូអាទូ និងប្រទេសគីរីបាទី តាមរយៈការបើកស្ថានទូតថ្មីក្នុងប្រទេសទាំងនោះ។
កាលពីខែមីនាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសពីផែនការបើកស្ថានទូតនៅប្រទេសវ៉ានូអាទូ។ សហរដ្ឋអាមេរិកទើបនឹងបានបើកស្ថានទូត នៅប្រទេស ដែនកោះសូឡូម៉ុន (Solomon) ឡើងវិញក្នុងឆ្នាំ២០២៣នេះផងដែរ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣០ឆ្នាំ។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិកខាងត្បូង បច្ចុប្បន្ននេះត្រូវបានចាត់ចែងដោយអ្នកការទូតអាមេរិក ដែលធ្វើការ នៅប្រទេសប៉ាពូអាស៉ី នូវែលហ្គីណេ (Papua New Guinea)។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដូចជា អូស្ត្រាលី និងនូវែលសេឡង់ មានការព្រួយបារម្ភថា ចិនមានមហិច្ឆតាចង់សាងសង់មូលដ្ឋានទ័ពជើងទឹកក្នុងតំបន់ប៉ាស៉ីហ្វិក ចាប់តាំងពីបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយសូឡូម៉ុន កាលពីឆ្នាំ២០២២៕