Alynana Media Cambodia
Icon Collap
clinic narit

តើ លោក ប្រាយុទ្ធ ចាន់អូរចា អាចនឹងដកខ្លួនចេញពីឆាកនយោបាយថៃដែរឬទេ ក្រោយចាញ់ឆ្នោតកាលពីថ្ងៃអាទិត្យនេះ?

Media LNN | May 16, 2023
តើ លោក ប្រាយុទ្ធ ចាន់អូរចា អាចនឹងដកខ្លួនចេញពីឆាកនយោបាយថៃដែរឬទេ ក្រោយចាញ់ឆ្នោតកាលពីថ្ងៃអាទិត្យនេះ?
Clinic narith

អនុប្រធាន​គណបក្ស​រួបរួម​ជាតិ​ថៃ (United Thai Nation Party)  លោក Thanakorn Wangboonkongchana បាននិយាយថា លោកមិនគិតថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូរចា នឹងបន្តដើរលើឆាកនយោបាយទៀតទេ បន្ទាប់ពីគណបក្សរបស់លោកមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។

លោក Thanakorn បាននិយាយប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក ថា៖ «គាត់ (ប្រាយុទ្ធ) មិនបាននិយាយវាទេ ប៉ុន្តែខ្ញុំគិតថា គាត់ប្រហែលជាបញ្ចប់វាត្រឹមហ្នឹងហើយ»។

សូមជម្រាបជូនបន្តិចថា ការបោះឆ្នោតសកល កាលពីថ្ងៃទី ១៥ ខែឧសភា បង្ហាញថា ​គណបក្ស​ឆ្ពោះ​ទៅ​មុខ (Move Forward Party)  និងគណបក្សភឿថៃ (Pheu Thai) ដឹកនាំ​ដោយ​កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ដែល​ត្រូវ​បាន​ក្រុម​យោធា​មាន​ទំនោរ​ទៅ​រក​របប​រាជា​និយម​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ២០០៦ ទទួលបានការគាំទ្រខ្លាំង ពោលគឺមាន ១៥២អាសនៈ និង ១៤១អាសនៈ ខណៈគណបក្សលោក ប្រាយុទ្ធ គណបក្ស​រួបរួម​ជាតិ​ថៃ ទទួលបានសំឡេងត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ។

យ៉ាងណា សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃថ្មីនេះ នៅមិនទាន់អាចកំណត់អ្នកឈ្នះបាននៅឡើយ ពោលត្រូវរង់ចាំរហូតដល់ខែកក្កដា ទើបអាចសម្រេចបាន ខណៈបច្ចុប្បន្ន គណបក្សប្រឆាំង ដែលកំពុងនាំមុខបណ្ដោះអាសន្ន កំពុងស្វះស្វែងសហការជាមួយគណបក្សដទៃ ដើម្បីបង្គ្រប់អាសនៈ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។

បើ​ទោះបីជា​លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​ប្រឆាំង​ចំនួន​ពីរ​កំពុង​នាំមុខ​គណបក្ស​កាន់អំណាច​ក្តី ក៏​គណបក្ស​ទាំងពីរ​នេះ​អាច​ពិបាក​នឹង​ទទួល​បាន​សំឡេងឆ្នោត​ច្រើន​លើសលប់ ជា​ពិសេស​សំឡេង​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា ដើម្បី​បង្កើត​រដ្ឋាភិបាល និង​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ដោយខ្លួនឯង។

បើយោងតាមរដ្ឋធម្មនុញ្ញ​ថៃ ​ដែល​​តាក់តែង​ដោយ​ក្រុម​យោធា​ថៃ​ឆ្នាំ២០១៧ ក្រោយ​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត តម្រូវ​ឱ្យ​សមាជិកព្រឹទ្ធសភា​សរុប ២៥០នាក់ តែងតាំង​ដោយ​ក្រុម​យោធា​ថៃ​ដោយ​​មិន​ចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត មាន​អំណាច​ក្នុង​ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ជាមួយ​នឹង​គណបក្ស​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ។ ដើម្បី​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ​បាន បេក្ខជន​ត្រូវ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ហោច​ណាស់ ៣៧៦ សំឡេង ដែល​ជា​សំឡេង​បូក​បញ្ចូល​គ្នា​ពី​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា៕