Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញទំហឹង ដោយសារមានការជំរុញពីផ្នែកនាំចេញ និង កសិកម្ម

Media LNN | May 19, 2023
សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញទំហឹង ដោយសារមានការជំរុញពីផ្នែកនាំចេញ និង កសិកម្ម
Clinic narith

ធានាគារពិភពលោក បានបញ្ជាក់តាមរយៈរបាយការណ៍ នៅថ្ងៃទី ១៨ ឧសភា ថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញទំហឹង ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។

ធានាគារពិភពលោក ​ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅ មានសភាពរឹងមាំ ដោយក្នុងនោះ​សម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះ​ជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការ​ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ ដោយឡែក វិស័យ​កសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់​ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើន​សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥.៥ភាគរយ។

 

ចំណែក ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេស នឹងអាចធ្វើឲ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើសកលលោក អាចបង្កហានិភ័យមួយ ដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមាន​ការពឹងអាស្រ័យខ្លាំង លើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបាន​នូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរ​បែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីក​បណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត»។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើង នៃការវិនិយោគ ជាពិសេស​ក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។

របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងទៀតថា កម្ពុជា អាចជំរុញកំណើននេះបានតាមរយៈការវិនិយោគ​លើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការ​ធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។

មានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាព ដែលកម្ពុជាអាចធ្វើបាន ក្នុងការបង្កើនការចំណាយ​សាធារណៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តែរបាយការណ៍ ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់​ទៅលើប្រសិទ្ធផលផ្នែកបែងចែក និងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហា នៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជន ទៅលើសេវាសុខាភិបាលក្នុងស្រុក។

បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្ដោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដង​ក្នុងមួយឆ្នាំ៕