ភ្នំពេញ ៖ ក្នុងរយៈពេលត្រឹមតែ ៤ខែដើមឆ្នាំ២០២៣ប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលសរុបប្រមាណជាង១.៥៩០លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៤៤,៥៤ភាគរយនៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៨ ឧសភា ២០២៣ ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីចំណូលប្រចាំខែមេសា ឆ្នាំ២០២៣ផងដែរ ដោយទទួលបានចំណូលប្រមាណ២៤៣,១១លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៦,៨១ភាគរយនៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល៤ខែឆ្នាំ ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលកន្លងមកនេះ ពន្ធដារក៏បានកោះអញ្ជើញឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលជាប់បំណុលពន្ធចូលខ្លួនមកទូទាត់បំណុលពន្ធដែលជំពាក់ផងដែរ ជាក់ស្ដែងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពន្ធដារបានប្រកាសអញ្ជើញម្ចាស់សហគ្រាស និងក្រុមហ៊ុនរាប់សិប ឱ្យចូលខ្លួនមកទូទាត់បើពុំនោះនឹងអាចមានការចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់តុលាការផងដែរ ៕