Alynana Media Cambodia
Icon Collap
clinic narit

អាម៉េរិក និងជប៉ុន ជួបពិភាក្សាគ្នា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ឥទ្ធិពលចិន និងរុស្សី

Media LNN | May 19, 2023
អាម៉េរិក និងជប៉ុន ជួបពិភាក្សាគ្នា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ឥទ្ធិពលចិន និងរុស្សី
Clinic narith

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជួបពិភាក្សាគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភាកន្លងទៅ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការប្រឈមមុខនឹងកំណើនឥទ្ធិពលរបស់ប្រទេសចិន និងរុស្ស៊ី

មេដឹកនាំទាំងពីរូបនេះ បានជួបពិភាក្សាគ្នានៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) រយៈពេលបីថ្ងៃ ចាប់ផ្តើមនៅថ្ងៃសុក្រ នាទីក្រុងហ៊ីរ៉ូស៊ីម៉ា។ សមាជិកនៃក្រុមប្រទេសG7 ដែលរួមមាន៖ អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងកាណាដា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះអ្វីដែលពួកគេមើលឃើញថា ជាគោលនយោបាយបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន និងការប្រមូលផ្តុំបច្ចេកវិទ្យារសើបយ៉ាងឆាប់រហ័សព្រមទាំងការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់រុស្ស៊ី ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ មន្ត្រីមកពីប្រទេសសមាជិក​G7 បានលើកឡើងថា ការដោះស្រាយបញ្ហាទាំងនោះ មិនមែនជារឿងងាយស្រួលទេ ដោយសារតែការពឹងផ្អែកយ៉ាងធំធេងរបស់លោកខាងលិចលើប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ជាដៃគូពាណិជ្ជកម្ម និងជាទីតាំងផលិតកម្មមូលដ្ឋានដ៏សំខាន់។

ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ប្រធានាធិបតី បៃឌិន ថា សហគមន៍អន្តរជាតិកំពុងស្ថិតនៅផ្លូវបំបែកក្នុងប្រវត្តិសាស្ត្រ។ លោកបន្តថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជាឱកាសសម្រាប់សមាជិកG7 ដើម្បីបង្ហាញពិភពលោកពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។ ថ្វីដ្បិតតែប្រទេសជប៉ុនជាអ្នកទិញប្រេងពីរុស្សីយូរមកហើយ ប៉ុន្តែទីក្រុងតូក្យូ បានអនុវត្តតាមទណ្ឌកម្មG7 ប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន។ សកម្មភាពយោធានោះ ក៏បានបង្កើនការភ័យខ្លាចក្នុងចំណោមជនជាតិជប៉ុន ដែលថា ប្រទេសចិន អាចមានភាពក្លាហានក្នុងការចាត់វិធានការប្រឆាំងនឹងកោះប្រជាធិបតេយ្យតៃវ៉ាន់ លុះត្រាតែសង្គ្រាមរុស្ស៊ីត្រូវបានបញ្ឈប់៕