Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា និងវៀតណាម បាន​​ជំរុញ​ឱ្យ​មាន​កិច្ចសហការគ្នា​លើការរៀបចំ​គម្រោងអភិវឌ្ឍន៍​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​ទ្វេ​ភាគី

Media LNN | May 20, 2023
កម្ពុជា និងវៀតណាម បាន​​ជំរុញ​ឱ្យ​មាន​កិច្ចសហការគ្នា​លើការរៀបចំ​គម្រោងអភិវឌ្ឍន៍​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​ទ្វេ​ភាគី
Clinic narith

កម្ពុជា និងវៀតណាម បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​កិច្ចសហការគ្នា​លើការរៀបចំ​គម្រោងអភិវឌ្ឍន៍​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​ទ្វេ​ភាគី ដើម្បី​បង្កើន​នូវ​កិច្ចសហការ​និង​ប្រសិទ្ធភាព​នៃ​វិស័យដឹក​ជញ្ជូន ដោយនោះ​ក៏មាន​ក្នុងការផ្លាស់ប្តូរ​អ្នកជំនាញ និងការសិក្សា​រៀនសូត្រ​ការងារពីគ្នា​ទៅវិញ​ទៅមក​ផងដែរ។

ការជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​អំឡុង​ពេល គណៈ​ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកម្ពុជា បានបំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃនៅ​ថ្ងៃទី ១៦ និង ១៧ ខែឧសភា នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យ​ចំនួន ២ ក្នុង​ប្រទេស​វៀតណាម ដើម្បី​បង្កើន​កិច្ចសហ​ប្រតិបត្តិការ លើ​វិស័យ​ភ័ស្ដុភារកម្ម។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

ក្នុងដំណើរ​ទស្សនកិច្ច​នេះលោក ឈៀង ពេជ្រ អគ្គ​នាយក នៃអគ្គ​នាយកដ្ឋាន​ភ័ស្តុភារកម្ម នៃ​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានដឹកនាំ​មន្ត្រី​រាជការ​ចំណុះ​អគ្គ​នាយកដ្ឋាន​​ភ័ស្តុភារកម្ម តំណាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងកំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​ចូលរួមជួប​ពិភាក្សា​សំណេះសំណាល អំពី​កិច្ចសហ​ប្រតិបត្តិការ និងការរៀបចំ​អនុស្សរណៈ​​នៃការយោគយល់គ្នា (MoU) ជាមួយនឹង​វិទ្យាស្ថាន​អភិវឌ្ឍន៍ និងយុទ្ធសាស្រ្ត​ដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកល​វិទ្យាល័យ Vietnam Maritime University (VMU) នៃប្រទេស​វៀតណាម។

នាឱកាស​នោះដែរ អគ្គ​នាយកដ្ឋាន​ភ័ស្តុភារកម្ម និង​វិទ្យាស្ថាន​អភិវឌ្ឍន៍ និងយុទ្ធសាស្រ្ត​ដឹកជញ្ជូន (TDSI) របស់​ប្រទេស​វៀតណាម ក៏បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី ដើម្បី​ពិភាក្សា​ចែករំលែក​នូវ​បទ​ពិសោធន៍​ជាក់ស្តែង សំដៅ​ឈានទៅ​ជំរុញ​ឱ្យមាន​ឱកាស​សហប្រតិបត្តិការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ក្នុងវិស័យ​ភ័ស្តុភារកម្ម ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ជាមួយគ្នា។

 

លោក ឈៀង ពេជ្រ បានឱ្យដឹង​ថា ៖« កិច្ចពិភាក្សា​នេះ គឺបាន​ឈរលើ​គោលបំណង​ក្នុងការផ្លាស់ប្តូរ​អ្នកជំនាញ ការសិក្សា​រៀនសូត្រ​ការងារ​ពីគ្នា​ទៅវិញ​ទៅមក និង​ការផ្តល់ការ​សហការ​លើការសិក្សា​ស្រាវជ្រាវ​ក្នុង​អេកូឡូស៊ី​ឡូជីស្ទីក លើសពី​នេះ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារកម្ម​កម្ពុជា និងវិទ្យាស្ថាន​អភិវឌ្ឍន៍ និងយុទ្ធសាស្រ្ត​ដឹកជញ្ជូន​វៀតណាម នឹងមានការ​ចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​រវាងគ្នា នាពេលឆាប់ៗ​ខាងមុខ​ថែមទៀត»។

ជុំវិញរឿង​នេះ​ដែរ តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍ និងយុទ្ធសាស្រ្ត​ដឹកជញ្ជូន (TDSI) និងសាកលវិទ្យាល័យ​ចំនួន ២ ទៀត ក្នុងប្រទេស​វៀតណាម ក៏បាន​បង្ហាញ​ការស្វាគមន៍​ចំពោះគំនិត​ផ្តួចផ្តើម​ផ្លាស់ប្តូរ​ចំណេះដឹង និងការសហការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខ្លី វគ្គ​បណ្តុះបណ្តាល​ថ្នាក់​ឧត្តម និងក្រោយ​ឧត្តម ដល់​មន្រ្តីរាជការ​នៃអគ្គ​នាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃប្រទេស​ទាំង​ពីរ នាពេល​ខាងមុខ។

ឆ្លងកាត់​កិច្ចប្រជុំ​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម​រួចមក លោក ឈៀង ពេជ្រ ក៏បានថ្លែង​អំណរគុណ​ដល់​វិទ្យាស្ថាន​អភិវឌ្ឍន៍ និង​យុទ្ធសាស្រ្ត​ដឹកជញ្ជូន (TDSI) និង សាកល​វិទ្យាល័យ Vietnam Maritime University (VMU) ចំពោះ​កិច្ចសហការរ​វាងគ្នា ខណៈ​លោក​ក៏សង្ឃឹម​ថា នឹងមាន​ការផ្លាស់ប្តូរ​ការសិក្សា​វគ្គខ្លី និងវគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ជាមួយ​វិទ្យាស្ថាន និងសាកល​វិទ្យាល័យ​ល្បីៗ​នៅប្រទេស​វៀតណាមផ​ងដែរ។

ពាក់ព័ន្ធនឹង​វិស័យ​ភ័ស្តុភារកម្ម​នេះដែរ លោក ស៊ុន ចាន់ថុល ធ្លាប់បាន​លើកឡើង​ថា ការអភិវឌ្ឍ​លើ​វិស័យ​ភ័ស្តុភារកម្ម នៅតែជា​យុទ្ធសាស្រ្ត​ចម្បង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីជួយ​ជំរុញ​និង​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។

លោក​ថា៖«ក្នុងនោះ​មាន​គម្រោង​ជាង ៣០០គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៥០ ពាន់​លាន​ដុល្លារ ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​ផែនការ​មេ​នៃ​វិស័យ​ភ័ស្តុភារកម្ម សម្រាប់​ធ្វើការ​អនុវត្ត​ក្នុងរយៈពេល ១០ ឆ្នាំ​ទៅមុខ ដើម្បីឱ្យ​កម្ពុជា​ក្លាយទៅជា​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម នៅក្នុង​តំបន់»។

ជាមួយគ្នា​នេះ​ លោកក៏បាន​ស្វាគមន៍​រាល់កិច្ចសហការ​នានា​ពីបណ្តា​ដៃគូ​ពាក់ព័ន្ធ និងប្រទេស​នានា លើ​ដំណើរ​រៀបចំ និងអភិវឌ្ឍន៍​វិស័យ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា​ផងដែរ៕