ការនាំចេញរថយន្តរបស់ប្រទេសចិនបន្តកើនឡើងក្នុងត្រីមាសបច្ចុប្បន្ន ហើយសម្ព័ន្ធឧស្សាហកម្មមួយ ដែលផលិតរថយន្តដឹកអ្នកដំណើរ បានរំពឹងថា ការនាំចេញនឹងកើនឡើង ៣០% នៅឆ្នាំ ២០២៣ នេះ ពោលគឺឡើងដល់ចំនួន ៤ លានគ្រឿង។
នៅក្នុងឆ្នាំ ២០០៩ ប្រទេសចិនបានជែងសហរដ្ឋអាមេរិកដោយជោគជ័យ ដើម្បីក្លាយជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ការលក់រថយន្តថ្មី។ រដ្ឋាភិបាលចិនបានជួយឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុកឱ្យរីកចម្រើន ដោយផ្តល់ការលើកទឹកចិត្តឱ្យទិញ និងផ្ដល់ការអនុគ្រោះពន្ធ ព្រមទាំងដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាកថ្ម ដើម្បីធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះរថយន្តអគ្គិសនីកាន់តែខ្លាំង។
ការផ្លាស់ប្ដូរទៅរករថយន្តអគ្គិសនីនេះបានជំរុញឱ្យប្រទេសចិនរះឡើងជាមហាអំណាចនាំចេញរថយន្តកាន់តែខ្លាំង។ ការនាំចេញរថយន្តប្រើថាមពលថ្មីក្នុងត្រីមាសទី១ ដែលរួមមានរថយន្តអគ្គិសនីដែរនោះ បានកើនឡើង ៩៣% បើធៀបនឹងឆ្នាំមុន គឺឡើងដល់ ៣៨ ម៉ឺនគ្រឿង ហើយរថយន្តប្រើថាមពលថ្មីមានចំនួនប្រហែល ៤០% នៃបរិមាណរថយន្តនាំចេញទាំងអស់របស់ប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថា បើនិយាយពីក្រុមហ៊ុនវិញ គឺសាខាក្រុមហ៊ុន Tesla នៅប្រទេសចិនជាអ្នកនាំចេញរថយន្តប្រើថាមពលថ្មីបានច្រើនបំផុត ពោលគឺចំនួន ៩ ម៉ឺនគ្រឿង ក្នុងនោះចំណាត់ថ្នាក់លេខ ២ ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន អេសអេអាយស៊ី ម័រធឺ ដែលមានចំនួន ៥ ម៉ឺនគ្រឿង ហើយលេខ ៣ ជារថយន្តរបស់ក្រុមហ៊ុន ប៊ីអាឌី ដែលមានចំនួន ៣ ម៉ឺនគ្រឿង។
ប្រទេសបែលហ្ស៊ិក អូស្ត្រាលី និងថៃ ជាគោលដៅកំពូលសម្រាប់ការនាំចេញរថយន្តប្រើថាមពលថ្មី ដែលផលិតដោយប្រទេសចិន។ ចំណាត់ថ្នាក់ទី ៣ របស់ប្រទេសថៃ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តចិនកំពុងប្រើប្រាស់រថយន្តអគ្គិសនីដើម្បីបង្កើតចំណែកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់នេះត្រូវបានក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងជាយូរមកហើយ។
សម្រាប់រថយន្តដែលផលិតនៅប្រទេសចិនទាំងអស់ ប្រទេសរុស្ស៊ីគឺជាទិសដៅនាំចេញកំពូលក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយការនាំចេញទៅទីនោះបានកើនជាង ៣ ដង បើធៀបនឹងឆ្នាំមុនដោយឡើងដល់ ១៤ ម៉ឺនគ្រឿង។
បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុន តូយ៉ូតា ម័រធឺ, ក្រុមហ៊ុន វ៉ុលស្វាហ្គែន, និងក្រុមហ៊ុនផលិតរថយន្តសកលផ្សេងៗទៀត បានបិទរោងចក្រនៅរុស្ស៊ី ហើយដកខ្លួនចេញពីទីផ្សារ ដោយទុកឱ្យក្រុមហ៊ុនផលិតរថយន្តចិនបំពេញកន្លែងទំនេរនោះតែម្ដង៕