នៅរយៈពេល ៤ខែឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានធ្លាក់ចុះរហូត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។
ការថយចុះនូវប្រាក់ចំណូលរបស់កំពុងផែភ្នំពេញនេះ ត្រូវបានគេមើលឃើញថា គឺស្របគ្នាទៅនឹងការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តរជាតិដែរ ដោយនៅ៤ខែមកនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង១៥ពាន់លានដុល្លារ ធ្លាក់ចុះជាង១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
នៅរយៈពេល ៤ខែក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលធ្លាប់ទទួលបានចំណូលជាង ១២លានដុល្លារ។ ជាមធ្យម ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ មានកំណើនក្នុងរង្វង់ ២០% ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ ប្រសិនបើ ស្ថានភាពពិភពលោកនៅមិនទាន់មានស្ថិរភាពទេនោះ កំណើនរបស់កំពង់ផែស្វយ័តភ្នំពេញ អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ១៥% ប៉ុណ្ណោះ នៅឆ្នាំ២០២២។ នេះបើយោងតាមការគូសបញ្ជាក់របស់កំពង់ផែស្វយ័តភ្នំពេញ។
ក្នុងនោះ ប្រាក់ចំណូលពីប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញមានត្រឹមតែជិត៨លានដុល្លារប៉ុណ្ណោះ នៅរយៈពេល៤ខែឆ្នាំនេះ ថយចុះ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រភពចំណូលសំខាន់បន្ទាប់ គឺចំណូលពីអាជ្ញាធរផែសម្រេចបានជិត១លាន៥សែនដុល្លារ កើនឡើង១២%។
ស្របពេលដែលប្រាក់ចំណូលសរុប មានការធ្លាក់ចុះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ក៏ធ្លាក់ចុះប្រមាណជាង២០%ដែរ ពោលគឺនៅមានប្រមាណជាង១០ម៉ឺន TEU ប៉ុណ្ណោះ។ ប៉ុន្ដែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបរិមាណនាវាទេសចរណ៍ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញបែរជាមានកំណើនដល់ទៅជាង២២៧% ដោយមាននាវាធ្វើដំណើរ២២៧ជើង។ ជាមួយគ្នានានេះ នាវាផ្ទុកទំនិញឆ្លងកាត់ក៏បានកើនឡើងជិត៨%ដែរ ប៉ុន្ដែការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈវិញបានថយចុះជាង២,៥% មកនៅត្រឹមជាង១៣ម៉ឺនតោន។