Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េ ផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកទំនើបៗ តម្លៃជិត ១១ ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ

Media LNN | May 23, 2023
កូរ៉េ ផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកទំនើបៗ តម្លៃជិត ១១ ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ
Clinic narith

រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (កយកា​-KOICA) បាន​ផ្ដល់​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ភ្នែក​ទំនើបៗ ដែល​មាន​តម្លៃ​ជិត ១១ ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ចូលរួម​លើក​កម្ពស់​សុខភាព​ភ្នែក​ដល់​ទារក និង​កុមារ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ផ្ដល់​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ភ្នែក កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​មាន​ប្រសាសន៍​ថា សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ភ្នែក​នេះ​មានតម្លៃ​ប្រមាណ​ជិត ១១ ម៉ឺន​ដុល្លារ ជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ សម្រាប់​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ទារក​ទើប​នឹង​កើត​ភ្លាមៗ កុមារ​រហូត​ដល់​មនុស្ស​ពេញវ័យ។

លោក​សាស្ត្រាចារ្យ បាន​បន្ត​ថា តាមរយៈ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ភ្នែក​នេះ មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បើក​ដំណើរការ​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក សម្រាប់​ទារក កុមារ ក៏ដូចជា​មនុស្ស​ចាស់ ដើម្បី​លើក​កម្ពស់​សុខភាព​ភ្នែក​ដល់​ទារក និង​កុមារ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក​សាស្ត្រាចារ្យ បាន​បន្ត​ទៀត​ថា «សម្ភារៈ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពិនិត្យមើល​ភ្នែក​ទារក​ទើប​នឹង​កើត​ភ្លាមៗ ពិសេស​ទារក​កើត​មិន​គ្រប់​ខែ ដែល​ភាគច្រើន​មាន​បញ្ហា​ជំងឺ​បាត​ភ្នែក ព្រោះ​កន្លងមក​យើង​មាន​បញ្ហា​ហ្នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​កន្លែង​ផ្ដល់​សេវា​បាន បើ​មាន​ក៏​ត្រូវ​បញ្ជូន​ទៅ​ឆ្ងាយ​ដែរ។ នេះ​ជា​ការ​អភិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ​យើង​»។

លោក​សាស្ត្រាចារ្យ បាន​បន្ថែម​ទៀត​ថា នៅ​ពេល​មន្ទីរពេទ្យ​បើក​ដំណើរការ​សេវា​ព្យាបាល​ជំងឺ​ភ្នែក​កុមារ វា​នឹង​ជួយ​ដល់​ទារក និង​កុមារ ពិសេស​ទារក​កើត​មក​មិន​គ្រប់​ខែ ដែល​មាន​បញ្ហា​ជំងឺ​បាត​ភ្នែក ឲ្យ​ទទួល​បាន​ការ​ព្យាបាល​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ចៀស​ផុត​ពី​ពិការភាព។ ក្រៅពី​នេះ ក៏​មាន​ឧបករណ៍​ទំនើបៗ ផ្សេងៗ​ទៀត សម្រាប់​ឆ្លុះ និង​វាស់​ភ្នែក​ស្រលៀង ក៏ដូចជា​ទារក ឬ​កុមារ​មាន​បញ្ហា​កែវ​ភ្នែក នឹង​ផ្ដល់​សេវា​ព្យាបាល ព្រមទាំង​វះកាត់​តូចៗ ផង​ដែរ។លោក​សាស្ត្រាចារ្យ បាន​បញ្ជាក់​ថា តាម​គម្រោង មន្ទីរពេទ្យ នឹង​បើក​ដំណើរការ​សេវា​ព្យាបាល​ភ្នែក​កុមារ​នេះ នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ​ហើយ។ ក្នុង​នោះ បន្ទាប់ពី​មន្ទីរពេទ្យ​ទទួល​បាន​បរិក្ខារ​ពេទ្យ​ទំនើបៗ​នេះ ពី​អង្គការ កយ​កា។ ហើយ​ខែ​ក្រោយ​នេះ មន្ទីរពេទ្យ នឹង​បញ្ជូន​បុគ្គលិក​ជំនាញ​ភ្នែក​នេះ ទៅ​បន្ត​ការ​សិក្សា​រយៈពេល ១ ខែ​កន្លះ នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​សិក្សា​បន្ថែម​ពី​បច្ចេកទេស​ថ្មីៗ នៃ​ការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ដល់​ទារក និង​កុមារ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។