Alynana Media Cambodia
Icon Collap
clinic narit

ការ​ប្រមូល​ផល​អំបិល​កំពត​-​កែប គិត​ត្រឹម​ចុងខែ​មេសា សម្រេចបាន​ប្រហែល ៦,៧​ ម៉ឺន​តោន

Media LNN | May 23, 2023
ការ​ប្រមូល​ផល​អំបិល​កំពត​-​កែប គិត​ត្រឹម​ចុងខែ​មេសា សម្រេចបាន​ប្រហែល ៦,៧​ ម៉ឺន​តោន
Clinic narith

ភ្នំពេញៈ ទោះបី​អំបិល​កំពត​-​កែប​ ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ដាក់បញ្ចូល​ទៅក្នុង ​«​មុខទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ​(GI)»​ តាំងពី​ចុងខែ​មេសា​ក៏ដោយ ក៏​ការ​ចែកចាយ និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្រោម​ឈ្មោះ​ផលិតផល GI គឺ​មិនទាន់​កើតមាន​ជា​ផ្លូវការ​នោះទេ ខណៈ​ការ​ប្រមូល​ផល​អំបិល​កំពត​-​កែប គិត​ត្រឹម​ចុងខែ​មេសា សម្រេចបាន​ប្រហែល ៦,៧​ ម៉ឺន​តោន​។ នេះ​បើតាម លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប​។ 

​ផលិតផល​អំបិល​កំពត​-​កែប ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ​២៦ ខែមេសា បានធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ ​«GI» រួមជាមួយ​ផលិត​ផល​ចំនួន ២ ផ្សេងទៀត​គឺ​ «​ទឹក​​ត្រី​កំពត​កែប​» និង «​បង្កង​តា​​កែវ​» ព្រមទាំង​ផលិតផល​ម៉ាក​សមូហភាព​ចំនួន ៤ ​គឺ «​ដូងខ្ទិះ​បាត់ដំបង​», «​នំ​បញ្ចុក​សៀម​រាប​» «​ក្រូចថ្លុង​កោះ​ពីរ​» និង​«​អំបុក​កំពង់ធំ​»​។​

 

​លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត-កែប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២២ ខែឧសភា​ថា ការ​ប្រ​កាស​ដាក់​ផលិតផល ​«​អំបិល​កំពត​-​កែប​»​ ទៅក្នុង​ប្រភេទ​មុខ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI)​ បានធ្វើឱ្យ​អ្នកទទួល​ទាន អ្នក​ចែកចាយ និង​ក្រុមហ៊ុន​នាំ​ចេញ​ជាច្រើន​បង្ហាញ​ពី​ការចាប់​អារម្មណ៍​។ ទោះយ៉ាងណា​មកដល់ពេលនេះ​សមាគម​នៅ​មិនទាន់បាន​បញ្ចេញ​លក់​ផលិត​ផល GI «​អំបិល​កំពត​-​កែប​» លើ​ទីផ្សារ​ក្នុងស្រុក និង​បរទេស​នៅឡើយ​ទេ ដោយសារ​ក្រុម​ការងារ​សមាគម​កំពុងធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ស៊ីជម្រៅ​ទៅដល់​ប្រជាកសិករ​ផលិត​អំបិល និង​អ្នកពាក់ព័ន្ធ ព្រមទាំង​រៀបចំ​បោះពុម្ព​សម្បក​វេច​ខ្ចប់​។​

​លោក​ថ្លែងថា​៖ «​ទោះ​អំបិល​កំពត​កែប ត្រូវបាន​សម្ពោធ​ដាក់​ក្នុង​បញ្ជី GI រយៈពេល​ជិត ​១ ​ខែ​មកហើយ​ក៏ដោយ ក៏​យើង​នៅ​មិនទាន់បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ទេ ដោយ​យើង​ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​រៀបចំ​ផ្សព្វផ្សាយ​ពី​លក្ខណពិសេស​នៃ​គុណភាព រសជាតិ និង​ការ​​ធានា​សុវត្ថិភាព​ផ្សេងៗ​ទៅដល់​អ្នកប្រើប្រាស់​ឱ្យ​យល់ដឹង​»​។ លោក​បន្ថែមថា​៖ «​តាម​ផែនការ​នៅ​ខែសីហា ខាងមុខ សមាគម​នឹង​រៀបចំ​សិក្ខាសាលា​ដើម្បី​ធ្វើ​​ការផ្សព្វផ្សាយ​អំពី​អំបិល GI ដែល​នឹងមាន​ការចូលរួម​ពី​អ្នក​​ប្រើប្រាស់ និង​ជាពិសេស​ក្រុម​​ហ៊ុន​នាំចេញ​អំបិល​ផងដែរ​»​។​

 

​លោក​លើកឡើងថា ការដាក់​អំបិល​កំពត កែប ជា​ផលិតផល GI កំពុងផ្តល់​ឱ្យ​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​អ្នក​ក្នុង​ផលិតកម្ម​នេះ​ដែលមាន​ដូចជា ការទទួល​បាន​តម្លៃ​ខ្ពស់ជាង​មុន ​(​អាច​ទ្វេដង​) និង​មាន​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ធំ​ជាង​មុន​។ អំបិល​កំពត​-​កែប ជា​អំបិលធម្ម​ជាតិ ដែលមាន​គុណភាព​ខ្ពស់ និង​រសជាតិ​កម្រិតស្តង់ដា​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​រំពឹងថា នៅពេលដែល​មានកា​រវេ​ច​ខ្ចប់​ត្រឹមត្រូវ និង​មាន​ទីផ្សារ​ក្រៅ​ប្រ​​ទេស​បញ្ជា​ទិញ អំបិល​កំពត​-​កែប អាច​នឹង​បាន​តម្លៃ​ចន្លោះ​ពី ​៣០ ០០០-៤០ ០០០ រៀល​ ក្នុង​ ១​ បាវ​ (៥០​ គីឡូក្រាម​) ខណៈ​បច្ចុប្បន្ន​តម្លៃ​អំបិល​នៅ​ចន្លោះ ២៥ ០០០-៣០ ០០០ ​រៀល​»​។​

 

​ទាក់ទង​នឹង​ការផលិត និង​ប្រ​មូល​ផល​អំបិល​ក្នុង​ឆ្នាំ ​២០២៣ នេះ លោក ណារិន ប្រាប់ថា បើតាម​លោក​ដឹង ការប្រមូល​ផល​មកដល់ពេលនេះ ​(​ថ្ងៃទី​២២ ខែឧសភា​)​ គឺ​លើសពី ៦,៧ ​ម៉ឺន​តោន​ហើយ ខណៈ​បើ​អាកាស​ធាតុ​អំណោយផល ​(​អាកាស​​ធាតុ​ក្តៅ​ខ្លាំង​)​ ការផលិត​អំបិល​នឹង​បន្ត​ដល់​ចុងខែ​មិថុនា​។ គិត​ត្រឹម​ចុងខែ​មេសា ការលក់​ចេញ​មាន​បរិមាណ​ចន្លោះ​ពី ៤-៥​ ម៉ឺន​តោន​។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កំពត បាន​បដិសេធ​ឆ្លើយតប​នា​ថ្ងៃទី​ ២២ ខែឧសភា ដោយសារ​កំពុង​ជាប់​ប្រជុំ ប៉ុន្តែ​កាលពី​ចុង​​ខែមករា លោក​ធ្លាប់​និយាយថា អំបិល​កម្ពុជា ជា​អំបិល​ធម្មជាតិ ដូច្នេះ​វា​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​អាកាសធាតុ បើ​អាកាសធាតុ​ក្តៅ និង​មិនមាន​ភ្លៀង​ធ្លាក់​រយៈ​​ពេល​ ៣​ ខែ​ជាប់​គ្នា​គឺ​ផល​អំបិល​អាច​កើន​ដល់​ជាង​ ១០ ​ម៉ឺន​តោន​ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវ​​ការ​ក្នុងស្រុក និង​មាន​សល់​ក្នុង​ឃ្លាំង​ស្តុក​ទៀតផង​។​

 

 

​ខេត្តកំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ​២០២២ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២​ មាន​ចំនួន ៤ ៧៤៨ ​ហិកតា​។ ផ្ទៃដី​នេះ គឺ​នៅ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ទៅដល់​ពាក់កណ្តាល​ខែឧសភា​នៃ​ឆ្នាំ​នី​​មួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អា​កាស​ធាតុ​ក្តៅ​បានអូសបន្លាយ​ការផលិត​រហូតដល់​ខែមិថុនា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី ១ ​ហិកតា គេ​អាច​ផលិត​អំបិល​បាន​មធ្យម ២០ ​តោន​ក្នុង​រយៈពេល ១ ​ឆ្នាំ​៕