អគារតេជោអភិវឌ្ឍន៍» ដែលបំពាក់ឧបករណ៍ទំនើបៗ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ គឺបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ ទំនើបៗនាំចូលមកពីអាលឺ្លម៉ង់ និងអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបន្តថា៖« ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជា»។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបញ្ជាក់ទៀតថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង៕