Alynana Media Cambodia
Icon Collap
clinic narit

សន្និបាតប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវ បានសម្រេចចិត្តមិនអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ

Media LNN | May 23, 2023
សន្និបាតប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវ បានសម្រេចចិត្តមិនអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ
Clinic narith

តៃវ៉ាន់ បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានការអញ្ជើញទៅកាន់សន្និបាតប្រចាំឆ្នាំនៅថ្ងៃចន្ទទី២២ ខែឧសភា របស់អង្គការសុខភាពពិភពលោក ទោះបីជាមានការអះអាងរបស់កោះនេះថា ការគាំទ្រកំពុងកើនឡើងសម្រាប់ការចូលរួមរបស់ខ្លួនក៏ដោយ។

សន្និបាតប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវ បានសម្រេចចិត្តមិនអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា។ ខណៈពេលដែល ចិន និងប៉ាគីស្ថាន បានជំរុញសមាជិកឱ្យបដិសេធការដាក់បញ្ចូលរបស់តៃវ៉ាន់ ខណៈដែលប្រទេស Eswatini និងកោះ Marshall បានបង្ហាញការគាំទ្រ។ ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់ ហើយអះអាងថា ​កោះ​នេះ​មិន​មែន​ជា​ប្រទេស​ដាច់​ដោយ​ឡែក​ទេ ប៉ុន្តែ​ជា​ផ្នែក​នៃចិន​តែ​មួយ ដែល​គ្រប់គ្រង​ដោយ​ក្រុង​ប៉េកាំង។ ការទទូចរបស់ចិនដែលថា តៃវ៉ាន់មិនមែនជាប្រទេសមានន័យថា កោះនេះត្រូវបានដកចេញពីអង្គការអន្តរជាតិជាច្រើន។

តៃវ៉ាន់បានថ្កោលទោសការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោក ដោយលើកឡើងថា វាជាការធ្វើតាមចិន ក្នុងការរារាំងការចូលរួមរបស់ខ្លួននៅក្នុងស្ថាប័នពិភពលោក ហើយថាទីក្រុងប៉េកាំងមិនមានសិទ្ធិសម្រេចសម្រាប់កោះនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការបរទេសតៃវ៉ាន់បានអះអាងថា ៖«មានតែរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ប៉ុណ្ណោះ ដែលអាចតំណាងឱ្យប្រជាជន២៣លាននាក់របស់តៃវ៉ាន់ នៅក្នុងអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀត និងការពារសុខភាព និងសិទ្ធិមនុស្សរបស់ប្រជាជនតៃវ៉ាន់»។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នេះបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជន និងនិន្នាការនៃសម័យកាលនៅក្នុងសហគមន៍អន្តរជាតិ ហើយមិនអាចត្រូវបានជំទាស់តាមមធ្យោបាយណាមួយឡើយ»។ ក្រសួងនេះបានបន្ថែមថា មុនពេលបើកសន្និសីទនេះ ប្រទេសជិត១០០ បានសម្តែងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការប្រឆាំងរបស់ពួកគេចំពោះការចូលរួមរបស់តៃវ៉ាន់នៅក្នុងសន្និបាតសុខភាពពិភពលោក តាមរយៈលិខិតពិសេសទៅកាន់ WHO និងសេចក្តីថ្លែងការណ៍។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការបរទេសរបស់យក្សអាស៊ីមួយនេះ បានសង្កត់ធ្ងន់ថា ៖«ចិនក៏ជំរុញឱ្យប្រទេសមួយចំនួនកុំធ្វើពុតជាច្រឡំ ឈប់ធ្វើនយោបាយបញ្ហាសុខភាព ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេសនៃបញ្ហាតៃវ៉ាន់ និងបញ្ឈប់ការអនុវត្តខុសនៃការប្រើប្រាស់តៃវ៉ាន់ ដើម្បីជាឈ្នាន់គ្រប់គ្រងប្រទេសចិន»។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំបច្ចេកទេសមួយចំនួនរបស់ WHO ខណៈទីក្រុងតៃប៉ិទទូចថា ការដកខ្លួនចេញពី WHO បានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕