Alynana Media Cambodia
Icon Collap
clinic narit

វិស័យបរធនបាលកិច្ចបានកើនឡើងលើស១ពាន់លានដុល្លារហើយបើគិតត្រឹមពាក់កណ្តាលខែឧសភានេះ

Media LNN | May 29, 2023
វិស័យបរធនបាលកិច្ចបានកើនឡើងលើស១ពាន់លានដុល្លារហើយបើគិតត្រឹមពាក់កណ្តាលខែឧសភានេះ
Clinic narith
ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានអះអាងថា ទំហំប្រតិបត្តិការវិនិយោគដែលចូលតាមរយៈវិស័យបរធនបាលកិច្ចបានកើនឡើងលើស១ពាន់លានដុល្លារហើយ គិតមកទល់នឹងពេលនេះ ដែលទំហំនេះនិយ័តករបរធនបាលកិច្ចដាក់ផែនការសម្រេចឲ្យបាននៅត្រឹមដំណាច់ឆ្នាំ២០២៣។ កត្តានេះបានធ្វើឲ្យនិយ័តករបរធនបាលកិច្ចកំណត់គោលដៅថ្មី ដោយប្តេជ្ញាជំរុញទំហំប្រតិបត្តិការវិនិយោគឲ្យបាន១ពាន់៥រយលានដុល្លារនៅឆ្នាំនេះ។
និយ័តករបរធនបាលកិច្ចបានចុះអនុសារធាណៈនៃការយោគគ្នាជាមួយសមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយសំដៅលើកកម្ពស់ការយល់ដឹងពីវិស័យបរធនបាលកិច្ចដល់សហគ្រិន និងធុរជននៅកម្ពុជា។

នាពិធីចុះអនុសារណៈនៃការយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការលើកការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា» ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា បើទោះបីវិស័យបរធនបាលកិច្ចជាវិស័យថ្មី និងទើបដាក់ឲ្យដំណើរការថ្មីៗនៅកម្ពុជា តែវិស័យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីធុរជន និងអ្នកវិនិយោគនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះ វិស័យនេះបានទាក់ទាញបរធនបាលកិច្ចចំនួន៥១៩ ឲ្យមកចុះបញ្ជី ដែលបានស្រូបទាញទំហំប្រតិបត្តិការវិនិយោគបានជាង១ពាន់លានដុល្លារ ដែលទំហំនេះជាផែនការ ដែលនិយ័តករបរធនបាលកិច្ចដាក់គោលដៅធ្វើឲ្យបាននៅត្រឹមដំណាច់ឆ្នាំ២០២៣ ឯណោះ។ ជាមួយគ្នានេះនិយ័តករបរធនបាលកិច្ចបានកំណត់គោលដៅថ្មីធ្វើយ៉ាងណាជំរុញទំហំប្រតិបត្តិការឲ្យបានដល់១ពាន់៥រយលានដុលា្លរនៅឆ្នាំនេះ។ បើតាមការអះអាងរបស់ឯកឧត្តម សុខ ដារ៉ា នៅប៉ុន្មានខែខាងមុខនេះនឹងមានក្រុមហ៊ុនមិនក្រោម១០នោះទេ ដែលនឹងមកចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច។

ពាក់ព័ន្ធការចុះអនុសារណៈនៃការយោគយល់គ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា គោលបំណងនៃការចុះ MoU នេះ គឺដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីវិស័យបរធនបាលកិច្ច ដល់ធុរជន និងអ្នកវិនិយោគក្នុងវិស័យអចលទ្រព្យ សំដៅជួយជំរុញការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់ឯកឧត្តមការចុះ MoU នេះ មិនត្រឹមតែបង្កើតភាពជាដៃគូនោះទេ តែវាជាឱកាសរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានក្នុងការបង្កើត និងចាប់យកកាលានុវត្តភាពយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបនឹងនិន្នាការទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ សំដៅទាក់ទាញការវិនិយោគពីបរទេស។

ជាមួយគ្នានេះអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការចុះ MoU នេះ គឺដើម្បីរួមចំណែកជួយជំរុញការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈពីវិស័យបរធនបាលកិច្ច ក៏ដូចជាជំរុញការចូលរួមអនុវត្តដល់សមាជិក សមាជិការរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លើសពីនេះ គឺធ្វើយ៉ាងណាឱ្យសហគ្រិន និងធុរជនទាំងអស់អាចយល់កាន់តែច្បាស់ពីយន្តការប្រតិបត្តិការបរធនបាលកិច្ចឲ្យមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជា ចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច គឺវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីជាថ្នាលជួយបង្កើត និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិក្នុងវិស័យធុរកិច្ច ជាថ្នាលមួយនៃការអនុវត្តត្រឹមត្រូវតាមច្បាប់ និងការពារដោយច្បាប់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងជាយន្តការដែលមានភាពបត់បែនខ្ពស់ និងកាត់បន្ថយហានិភ័យ។

បរធនបាលកិច្ចគឺជាយន្តការមួយ ដែលដើរតួនាទីជាអ្នកធានាក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងការផ្ទេរ និងវិនិយោគក្នុងវិស័យនានា ដែលអាចផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬអ្នកទទួលបានផ្សេងទៀត។ វិស័យនេះអាចដំណើរការទៅបាន វាទាមទារឲ្យមានការចូលរួមពី៣ភាគីរួមមាន ម្ចាស់ទ្រព្យសម្បត្តិ បរធនបាល និងអ្នកទទួលផលប្រយោជន៍។ វិស័យបរធនបាលកិច្ចមានវិសាលភាពមិនត្រឹមតែគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុមិនមែនធនាគារនោះទេ ថែមទាំងគ្រប់ដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ, វិស័យអចលនទ្រព្យ, វិស័យមូលបូលបត្រ, វិស័យធានារ៉ាប់រង និងវិស័យជាច្រើនទៀត។ បរធនបាលកិច្ចអាចចាត់ទុកជាវិស័យថ្មីសម្រាប់កម្ពុជា តែវិស័យនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក៕