ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់ប្រទេសថៃបន្តកើនឡើងដល់ ១លាននាក់ហើយ នៅពាក់កណ្តាលខែឧសភាកន្លងមកនេះ ស្របតាមគោលដៅរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចំនួន ៥លាននាក់នៅឆ្នាំ២០២៣។
នៅថ្ងៃទី១ ខែមិថុនានេះ លោក Chuvit Sirivejkul នាយកប្រចាំតំបន់អាស៊ីបូព៌ាសម្រាប់ទេសចរណ៍ថៃបាននិយាយថា ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន គឺជាប្រយោជន៍ដល់ប្រទេសថៃ ស្របពេលមាននិន្នាការងើបឡើងវិញនៃគ្រប់វិស័យ បន្ទាប់ពីវិបត្តិកូវីដ-១៩។
រដ្ឋាភិបាលថៃរំពឹងថា បរិមាណការចាយវាយរបស់ភ្ញៀវទេសចរចិននឹងកើនដល់ ៤៤៦ពាន់លានបាត។ ប្រទេសថៃកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន និងព្យាយាមពង្រីកផ្លូវហោះហើររវាងប្រទេសទាំងពីរ ជាពិសេសផ្លូវហោះហើរទៅកាន់ទីក្រុងបន្ទាប់បន្សំ។
ចំណែកវិទ្យុអាកាសចរណ៍ថៃបានរាយការណ៍ថា ចំនួនជើងហោះហើរត្រង់រវាងប្រទេសថៃ និងចិន ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ មានចំនួន ១២,៨០៥ជើង ពោលគឺកើនឡើង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរំពឹងថា ជើងហោះហើរទំនងជានឹងកើនឡើងដល់ជាង ៤៦,០០០ជើង នៅចុងខែកញ្ញាឆ្នាំ២០២៣នេះ៕