សហគ្រាសខ្នាតតូច និងមធ្យមឥណ្ឌូនេស៊ីនឹងទទួលកញ្ចប់ឥណទាន ដែលមានតម្លៃសរុប៣០ ពាន់លានដុល្លារ ដើម្បីលើកកំពស់សមត្ថភាពផលិតកម្មនៅក្នុងស្រុក និងពង្រឹងផលិតកម្ម និងគុណភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កញ្ចប់ឥណទាននេះ នឹងសម្រួលឲ្យសហគ្រាសអាជីវកម្មខ្នាតតូច និងមធ្យម ទទួលបានឥណទានមានអត្រាការប្រាក់ទាបត្រឹមប្រហែល ៦% ប៉ុណ្ណោះ។
ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានបង្ហាញជំនឿថា ផលិតផលក្នុងស្រុករបស់ឥណ្ឌូនេស៊ីអាចប្រកួតប្រជែងមិនត្រឹមតែលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅលើទីផ្សារអន្តរជាតិទៀតផង ជាមួយនឹងកញ្ចប់ឥណទានតម្លៃ ៣០ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Antara។
យោងតាមសម្ដីរបស់លោក ហ្វឺរី អ៊ីរ៉ាវ៉ាន់ (Ferry Irawan) អនុប្រធានស្តីទីទទួលបន្ទុកផ្នែកសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍, គេរំពឹងថា សហគ្រាសខ្នាតតូច និងមធ្យមរបស់ឥណ្ឌូនេស៊ី អាចប្រកួតប្រជែងនៅក្នុងស្រុក និងទទួលបានគុណភាពសម្រាប់ទីផ្សារនៅបរទេស។
លោក ហ្វឺរី អ៊ីរ៉ាវ៉ាន់ បានលើកឡើងនៅក្នុងកម្មវិធីពិព័រណ៍និងវេទិកាសេដ្ឋកិច្ចឥណ្ឌូនេស៊ីឆ្នាំ២០២៣ ថា ឥណ្ឌូនេស៊ីកំពុងតែជំរុញឱ្យមានការរួមបញ្ចូលគ្នានូវពិព័រណ៍និងវេទិកា ដែលមិនត្រឹមតែមានការចូលរួមពីអគ្គនាយកដ្ឋានគោលនយោបាយនិងអភិបាលកិច្ចទូទៅនៃក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីរដ្ឋាភិបាលក្នុងតំបន់និងសហគ្រាសរដ្ឋមួយចំនួនទៀតផងដែរ។
លោក អ៊ីរ៉ាវ៉ាន់ បានឱ្យដឹងថា ក្រុមការងាររបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីជួយសហគ្រិនក្នុងស្រុកដែលចង់បង្កើនការលក់ផលិតផលរបស់ពួកគេនៅបរទេស។ មន្ត្រីរូបនេះបានបន្ថែមថា តួអង្គសហគ្រាសខ្នាតតូចនិងមធ្យមអាចទទួលបានជំនួយដើមទុនពីក្រសួងតាមរយៈកម្មវិធីឥណទានអាជីវកម្មខ្នាតតូច ដោយក្រសួងបានត្រៀមថវិកាចំនួន ៤៥០ ទ្រីលានរូពី ឬ ៣០ ពាន់លានដុល្លារ សម្រាប់ផ្តល់កម្ចីដែលមានការប្រាក់ទាបឱ្យម្ចាស់អាជីវកម្មក្នុងស្រុក។
លោក អ៊ីរ៉ាវ៉ាន់ បានបន្ថែមថា អត្រាការប្រាក់កម្ចីអាជីវកម្មនៅពេលនេះគឺនៅក្នុងកម្រិតប្រហែលពី ១៩ ទៅ ២០ ភាគរយ តែសម្រាប់អត្រាការប្រាក់តាមរយៈកម្មវិធីឥណទានអាជីវកម្មខ្នាតតូចរបស់រដ្ឋាភិបាល គឺមានប្រហែល ៦ ភាគរយប៉ុណ្ណោះ៕