Alynana Media Cambodia
Icon Collap
clinic narit

លោក ហ៊ុន ម៉ានី ចូលរួមទស្សនា លើកទឹកចិត្ត ការប្រកួតកីឡាវាយសីជនពិការ

Media LNN | Jun 05, 2023
លោក ហ៊ុន ម៉ានី ចូលរួមទស្សនា លើកទឹកចិត្ត ការប្រកួតកីឡាវាយសីជនពិការ
Clinic narith

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាករកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាលើកទឹកចិត្ត ការប្រកួតកីឡាវាយសីជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានមរតកតេជោ។
នៅក្នុងព្រឹត្តិការណ៍ប្រកួតថ្ងៃនេះ ក៏មានការប្រកួតកីឡាវាយសី រវាងកីឡាករកម្ពុជា ជាមួយកីឡាករវាយសី ប្រទេសម៉ាឡេស៊ី ផ្នែកបុរស (ជម្រុះ៤យក១)ផងដែរ។
នៅលើផេកហ្វេសប៊ុនផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានសរសេរអត្ថបទ ដែលមានខ្លឹមសារបញ្ជាក់ថា៖ "អបអរសាទរកម្ពុជា ដែលបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងសម័យ កាលសន្តិភាពដ៏រុងរឿង ដែលនេះក៏ជាផ្នែកមួយ នៃការបង្ហាញអំពីការផ្តល់អាទិភាព លើប្រជាជន ឬការយកចិត្តទុក ដាក់ចំពោះប្រជាជនគ្រប់ៗរូបជាអាទិ៍ បងប្អូនដែលមានពិការភាព តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ"។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ជំនួសមុខឲ្យសម្តេចពិជ័យសេនាទៀបាញ់ ប្រធានគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និងក្នុងនាមជាប្រធានប្រតិភូកីឡារបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះ លោកមានកិត្តិយសសូមស្វាគមន៍ ប្រតិភូកីឡាដែលចូលរួមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
កម្ពុជា ដែលកំពុងមានវត្តមានសព្វថ្ងៃនេះ ដែលប្រជាជនកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ បានកើតចេញពីការតស៊ូព្យាយាម និងពលិកម្មរាប់មិនអស់ ជាមួយស្មារតីឯក ភាពជាតិដ៏រឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីគ្រប់កោសិកាសង្គម ជាពិសេស គឺប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី បន្ថែមថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានអនុញាតិឲ្យកីឡាករ កីឡាការិនី ជនពិការប្រកួតតំណាងឲ្យប្រជាជន និងប្រទេសជាតិរបស់ខ្លួន ដោយបង្ហាញពីសមត្ថភាព ឆន្ទៈ ការស្រឡាញ់កីឡា និងការតាំងចិត្តដ៏មោះមុតរបស់ពួកគាត់ ដូចនឹងកីឡាករ កីឡាការិនី ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែរ។
លោកថា "ប្រាកដណាស់យើងអាចមើលឃើញពីពិការភាពរបស់ពួកគាត់ ប៉ុន្តែមានតែពួកគាត់ទេ ដែលអាចដឹងច្បាស់ពីឆន្ទៈ មនសិការ ការពុះពារ ដើម្បីសម្រេចគោលបំណង និងក្តីសុបិនរបស់ពួកគាត់ផ្ទាល់។ ក្នុងន័យនេះ យើងត្រូវមើលឲ្យលើសពីរូបរាងកាយខាងក្រៅ ដោយចូលរួមស្វែងយល់ពីបេះដូង និងឆន្ទៈរបស់ពួកគាត់ ហើយរួមគ្នាគាំទ្រស្មារតីដ៏មុះមុត របស់ពួកគាត់ទាំងអស់គ្នា"៕

7-doanthethaovn-rker26-8-5-40-228