Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលមកទស្សនានៅរមណីយដ្ឋានអង្គរ

Media LNN | Jun 05, 2023
កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលមកទស្សនានៅរមណីយដ្ឋានអង្គរ
Clinic narith

សៀមរាប៖ គ្រឹះស្ថាន​អង្គរ ​រក​បានចំណូលជាង ១៦ លានដុល្លារ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តំបន់​ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ក្នុង​រយៈពេល៥​ខែ​ដើមឆ្នាំ​២០២៣​។

សេចក្តីប្រកាស​ព័ត៌មាន​ ​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៣៤ម៉ឺន​នាក់ កើនឡើង ៦៥៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​ពី​ការ​លក់​សំបុត្រ មាន​ចំនួនជាង ១៦ លាន​ដុល្លារ កើនឡើង ៧៦៥ ​ភាគរយ​។​

ដោយឡែក​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២៣ នេះ​គ្រឹះស្ថាន​អង្គរ​ ​រកបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ​ ចំនួនជិត៩ម៉ឺន​ដុល្លារ និង​ការ​លក់​សំបុត្រ​ទូក​ ចំនួនជាង ២៦ម៉ឺន​ដុល្លារ​​។

យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ​ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។

ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ ​និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​អង្គរ​ ប្រមូលចំណូលពីការលក់សំបុត្រ​ចូល​ទស្សនាប្រាសាទបុរាណ ដល់ទេសចរបរទេស ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។

វិស័យទេសចរណ៍​គឺជា​សសរស្តម្ភ​មួយក្នុងចំណោម​សសរស្ដម្ភ​ទាំងបួន​ដែលជួយដល់​សេដ្ឋកិច្ច​កម្ពុជា។ ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ ​កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕