រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលធ្វើឱ្យអាកាសធាតុនៅតំបន់មួយចំនួនមានរបាយទឹកភ្លៀង និងខ្យល់កន្ត្រាក់ដូចខាងក្រោម៖១-តំបន់ទំនាបកណ្តាល៖ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ ºC - សីតុណ្ហភាពអតិបរមាពី៣២-៣៤ ºC។ សម្រាប់បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែក ចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។
២-តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦ °C សីតុណ្ហភាពអតិបរមាពី៣០-៣២ ºC អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។៣-តំបន់មាត់សមុទ្រ៖ មានសីតុណ្ហភាពអប្បបរមាពី២៥-២៧ºC សីតុណ្ហភាពអតិបរមាមានពី៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ...៕