(កំពង់ស្ពឺ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាស ក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
បន្ថែមពីនោះទៀត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស, ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ និងគុណបំណាច់មិនអាចកាត់ថ្លៃបានសម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស និងសិទ្ធិសេរីភាពពេញលេញគញគ្រប់បែបយ៉ាង។
លោកថា ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេន ដែលមានសក្តានុពលយ៉ាងសំខាន់ របស់ប្រទេសជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការណ៍ដែលយុវជនអាចចូលរួមចំណែកជាមួយនឹងសង្គមជាតិ តាមរយៈការចូលរួមក្នុងជីវភាពនយោបាយ និងក្លាយជាកម្លាំងគាំទ្រយ៉ាងសកម្មក្នុងការបន្តការពារថែរក្សាសមិទ្ធផល និងឱកាសសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង។ ក្នុងន័យនេះ អ្វីដែលយុវជនកំពុងទទួលបានពីគណបក្សប្រជាជនកម្ពុជា រួមមាន៖
ទី១៖ ក្នុងក្របខណ្ឌជាប្រជាពលរដ្ឋ គឺជាការចងចាំនូវគុណបំណាច់ និងការដឹងគុណ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសពីសង្គ្រាម សង្គ្រោះជីវិត កសាងប្រទេសពីបាតដៃទទេ ប្រកាន់ខ្ជាប់នយោបាយបង្រួបបង្រួមជាតិ ខ្មែរតែមួយ ហើយបាននាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សិទ្ធិសេរីភាព និងការបណ្តុះបណ្តាលសមត្ថភាពដល់យុវជន ដោយអាចសិក្សារៀនសូត្រដើម្បីពង្រឹងខ្លួន ហើយចាប់យកអាជីពការងារ ធុរកិច្ច សម្រាប់លើកកម្ពស់ជីវភាពរស់នៅល្អប្រសើរ និងថ្លៃថ្នូរ។
ទី២៖ ក្របខ័ណ្ឌជាយុវជនបក្ស, គឺត្រូវចូលរួមដើម្បីការពារអ្វី ដែលជាភាពវិជ្ជមានរបស់ប្រទេសជាតិ ដើម្បីជាការធានាបាននូវអ្វីដែលយុវជនកំពុងមានកុំឲ្យបាត់បង់។ យុវជនគណបក្ស គឺជាប្រតិបត្តិករក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់គណបក្សឲ្យសម្រេចបាន និងជាមនុញ្ញផលពិតប្រាកដសម្រាប់ជាតិ និងប្រជាជន។
ទី៣៖ បន្ថែមពីនេះ ក្នុងនាមជាយុវជនបច្ចុប្បន្ន និងតទៅមុខ គឺត្រូវចងចាំអំពីអ្វីដែលយុវជនរៀមច្បង និងជាថ្នាក់ដឹកនាំបច្ចុប្បន្ន បានបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន តាមរយៈការយកឈ្នះលើសមរភូមិសំខាន់ពីរ៖ (១) សមរភូមិប្រដាប់អាវុធ គឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតិដើម្បីផ្តួលរំលំរបបប៉ុលពត, ការទប់ស្កាត់ការវិលមកវិញនៃរបបប៉ុលពត និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និង (២) សមរភូមិនយោបាយទាំងក្រៅប្រទេស និងក្នុងប្រទេស។
បណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា នយោបាយក្រៅប្រទេស គឺការខិតខំជម្នះរហូតអង្គការសហប្រជាជាតិទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ជំនួសឲ្យក្រុមប៉ុលពត និងបានដាក់បញ្ចូលកម្ពុជា ជាសមាជិកអង្គការអន្តរជាតិជាច្រើន លើពិភពលោកដើម្បីផលប្រយោជន៍សង្គមជាតិ និងកិត្យានុភាពជាតិ, ប្រកាន់ខ្ជាប់គោលនយោបាយឯករាជ្យ ម្ចាស់ការ ដោយមិនយកអធិបតេយ្យទៅប្តូរនឹងជំនួយ និងមិនយកប្រទេសណាជាសត្រូវ។ នយោបាយក្នុងប្រទេស គឺយើងឈ្នះបេះដូងរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោត ហើយជាសន្លឹកឆ្នោតដែលបានមកពីទំនុកចិត្តរបស់ប្រជាជន ដែលផ្ទុកផ្តាក់ផ្ញើជោគវាសនារបស់ខ្លួន មកលើគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូច្នេះ ក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ៖ ទី១. រួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀមច្បង ដែលបានខិតខំកសាងសម្រាប់យើងបច្ចុប្បន្ន និងចូលរួមថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ និងទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមសម្រាប់អនាគតរបស់សង្គមជាតិយើង៕