AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់យកថ្ងៃចន្ទ ទី១២ ខែមិថុនា ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ កម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ។
ការកំណត់ថ្ងៃប្រជុំនេះ បន្ទាប់ពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃវិមានរដ្ឋសភា។
អង្គប្រជុំ បានធ្វើការពិភាក្សា និងអនុម័ត ដោយបានកំណត់កាលបរិច្ឆេទបន្តសម័យ ប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺ សេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើម កំណើតទំនិញ៕ ដោយ៖ ប៊ុនរិទ្ធ