អាឡឺម៉ង់៖ យោធាសហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារម្សិលមិញ បានធ្វើសមយុទ្ធផ្នែកវេជ្ជសាស្រ្តយោធា ស្ថិតនៅឯមូលដ្ឋានទ័ពអាកាសរ៉ាមស្ទីន (Ramstein) ក្នុងប្រទេសអាឡឺម៉ង់ ហើយនេះគឺជាផ្នែកមួយនៃសមយុទ្ធដែនអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ណាតូ។
នៅក្នុងសមយុទ្ធនោះ បានបង្ហាញថា ជើងហោះហើរកងទ័ពអាកាសបានជម្លៀសទាហានវេជ្ជសាស្រ្ត និងជនរងគ្រោះក្លែងបន្លំពីប្រទេសរ៉ូម៉ានី និងបន្តរៀបចំក្បួនទៅតាមដំណាក់កាលជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាលែនស្តាល់ (Landstuhl) ។
លោកស្រីឃ្លីនតុន មើរ៉េយ (Clinton Murray) មេបញ្ជាការទទួលបន្ទុកផ្នែកត្រៀមលក្ខណៈវេជ្ជសាស្រ្តអឺរ៉ុប សម្រាប់កងទ័ពសហរដ្ឋអាម៉េរិក បានមានប្រសាសន៍ថា "សមយុទ្ធប៉ុន្មានថ្ងៃនេះ នឹងធ្វើឱ្យអ្នកពេញចិត្តពាក់ព័ន្ធនឹងផ្នែកវេជ្ជសាស្ត្រយោធា ហើយវាពិតជាការជំរុញទឹកចិត្តក្នុងការធ្វើការជាមួយសហការី និងអ្នកចូលរួមសហការរបស់យើងខ្លាំងណាស់" ។
លោកស្រីបានបន្តថា "អ្វីដែលយើងពិតជាអាចធ្វើបាន គឺការបង្ហាញពីសមត្ថភាពរបស់យើងម្នាក់ៗ និងសមត្ថភាពដែលយើងមាននៅក្នុងវិស័យយោធា មិនត្រឹមតែយោធាសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានសមត្ថភាពរបស់សម្ព័ន្ធមិត្ត និងយោធាមកពីតាមបណ្តាប្រទេសជាដៃគូរបស់យើងផងដែរ" ។
នៅថ្ងៃអង្គារដដែលនេះ កងកម្លាំងមកពីប្រទេសអាឡឺម៉ង់ ប៉ូឡូញ និងរ៉ូម៉ានី បានចូលរួមនៅក្នុងសមយុទ្ធដែលជាផ្នែកមួយរបស់សមយុទ្ធការពារដែនអាកាស Defender ២៣ ផងដែរ ។ នៅក្នុងសមយុទ្ធនេះ មានការចូលរួមពីកងកម្លាំងជាង ២៤,០០០ នាក់ មកពីបណ្តាប្រទេសចំនួន ២០ នៅក្នុងអង្គការណាតូ រួមទាំងប្រទេសជាដៃគូ កំពុងចូលរួមក្នុងសមយុទ្ធដែលដឹកនាំដោយកងទ័ពសហរដ្ឋអាម៉េរិក ដោយបានចាប់ផ្តើមចាប់ពីខែមេសា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ៕