(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។
សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃនេះ មានកម្មករកម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន។ល។
ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង ៥ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។
ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ។
បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៦ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៦លើក នេះ មានកម្មករ និយោជិតសរុបប្រមាណ ១១ម៉ឺន ៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១៣លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ២២ម៉ឺន ២ពាន់នាក់ទៀត។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕