សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងអំពីបំណងចង់ឲ្យមានការចងជាកាតព្វកិច្ច សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី ក្នុងវិស័យឧស្សាហកម្ម។
ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលខាងមុខ គួររៀបចំចងជាកាតព្វកិច្ចសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី។ ការលើកឡើងដូច្នេះ ក៏ព្រោះតែសម្ដេច មើលឃើញថា ចំណែកវិស័យឧស្សាហកម្មមានរហូតដល់ ៣៨ភាគរយ ក្នុងសេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំគិតថា ថ្ងៃក្រោយនេះត្រូវចងជាកាតព្វកិច្ចតែម្ដង សម្រាប់អ្នកទទួលខុសត្រូវបំផុតរបស់កម្ពុជា សម្រាប់ការមើលទៅដល់សុខទុក្ខរបស់កម្មករ-កម្មការិនី ព្រោះហេតុអីបានជាខ្ញុំត្រូវលើកដូច្នេះ ឥឡូវប្រទេសរបស់យើងចំណែកឧស្សាហកម្មចំណែកគ្រប់ដណ្ដប់រហូតដល់ ៣៨ភាគរយហើយ ដែលផលិតផលសរុបក្នុងស្រុករបស់យើង ចំណែកឧស្សាហកម្មមានធំជាងគេទាំងអស់ បើប្រៀបធៀបនឹងកសិកម្ម និងសេវា»។
តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា នាពេលខាងមុខ វិស័យសេវាកម្ម មានការកើនឡើង នៅពេលវិស័យទេសចរណ៍មានការកើនឡើងដែរ។ ចំណែកគោលនយោបាយឧស្សាហកម្មរបស់កម្ពុជា នឹងពង្រីកទៅមុខបន្តទៀត៕