វិស័យសំណង់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយ នៅឆ្នាំ២០២៣នេះ ហើយការរំពឹងងើបឡើងវិញនេះ បានមកពីការចូលរួមនៃរំហូរទុនវិនិយោគ ពីបរទេស ខណៈឆមាសទី១ដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនដល់ជាង ១ពាន់លានដុល្លារ។
យោងតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគ ទុនពីបរទេស សម្រាប់សំណង់ ដែលបម្រើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ សំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថា នៅបន្តរក្សា កំណើនល្អប្រសើរ ដោយសារការកើនឡើង នៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការ រៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។
ចំណែកឯអចលនទ្រព្យវិញ ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួល អចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន(Apartment) ស្របពេលការវិនិយោគ និងតម្រូវការក្នុង ស្រុកលើ អចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថា បន្តរក្សាកំណើនល្អ។
លោក ឆារស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម អ្នកសាង សង់កម្ពុជា ក្នុងកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចសំណង់លើកទី១២ កាល ពីចុងសប្ដាហ៍នេះបានឱ្យដឹងទៀតថា នៅឆ្នាំ២០២១ ក្រសួងបានផ្ដល់លិខិតអនុញ្ញាត សាងសង់ មានចំនួន៤,៣០៣គម្រោង មានទុនវិនិយោគជាង ៥,៣៣៣ លានដុល្លារអាម៉េរិក និងក្នុងឆ្នាំ២០២០ មានចំនួន៤,៨៤១គម្រោង ដែលប៉ាន់ស្មាន ទុនវិនិយោគ មានជាង៧,៧៥៣ លានដុល្លារអាម៉េរិក។ លោកបានបញ្ជាក់ថា តាមប្រភពនៃការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា វិស័យសំណង់ និងអចលនវត្ថុមានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ហើយនៅឆ្នាំ២០២២ បានព្យាករណ៍ថា វិស័យសំណង់ នឹងមានការកើនឡើង៥.៤ភាគរយ រីឯវិស័យអចលនទ្រព្យកើន៤.១ភាគរយ ហើយវិស័យទាំង២នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។
លោកគិតថា ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នឹងមានកំណើន ឡើងវិញ ហើយក៏នឹងអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋមានការងារធ្វើ រហូតដល់រាប់សិប ម៉ឺននាក់ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ សេដ្ឋកិច្ចជាតិឱ្យមានចរន្តការឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានផ្តល់បទសម្ភាសន៍ថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើ វិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសន្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើន នៅចុងឆ្នាំនេះ។
លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ស្ថានភាពទិញលក់អចលនទ្រព្យ នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ស្ថានភាពទិញលក់ បាននឹងកំពុងងើបឡើងវិញជាបណ្ដើរៗ ហើយជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្ត ដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អ ព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ពីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានឃើញថា នៅពាក់កណ្ដាលឆមាសទី១ក្នុងឆ្នាំ២០២២នេះ ក្រសួងបានផ្ដល់ លិខិតអនុញ្ញាតសាងសង់ មាន១,៩៨៤គម្រោង និងទុនវិនិយោគ ចំនួន ១,០៤១លានដុល្លារ អាម៉េរិក៕