Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងនៅតែ​បន្ដ​ចែក​ប្រាក់ឧបត្ថម្ភ​ដល់ក​ម្មករ​ព្យួរការងារ​ជាង ​៨ ​ពាន់​នាក់​

Media LNN | Jun 08, 2023
ក្រសួងនៅតែ​បន្ដ​ចែក​ប្រាក់ឧបត្ថម្ភ​ដល់ក​ម្មករ​ព្យួរការងារ​ជាង ​៨ ​ពាន់​នាក់​
Clinic narith

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ជាង​ ៨​ ពាន់​នាក់ នៅ​រោងចក្រ​ចំនួន ​២៦ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិត​ផល​ធ្វើដំណើរ និង​កាបូប​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​។​នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​នេះ​ចុះ​ថ្ងៃទី​ ៦ មិថុនា ឆ្នាំ​ ២០២៣​។​

​សេចក្ដីប្រកាស​ដដែល​បានឱ្យដឹងថា រោងចក្រ​ទាំង​ ២៦ នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​​ផលិតផល​ធ្វើដំណើរ និង​កាបូប​នេះ​មាន​កម្មករនិយោជិត​ចំនួន​ ៨ ៧៦២​ នាក់​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​។​

​រោងចក្រ​ទាំងនោះ​រួមមាន​៖ រោងចក្រ​ចំនួន ​៨ ស្ថិតនៅ​ភ្នំពេញ រោងចក្រ​ចំនួន​ ២ ស្ថិតនៅ​ខេត្ត​កណ្តាល រោងចក្រ​ ១ ​ស្ថិតនៅ​ខេត្តកំពង់ចាម រោងចក្រ​ចំនួន​ ៨ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ រោង​​ចក្រ​ចំនួន ​២ ស្ថិតនៅ​ខេត្តតាកែវ រោងចក្រ​ចំនួន ​២ ស្ថិតនៅ​ខេត្ត​​ព្រះសីហនុ និង​រោងចក្រ​ចំនួន​ ៣ ស្ថិតនៅ​ខេត្តស្វាយរៀង​។​

​ក្រសួង​ការងារ​បាន​លើកឡើងថា ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យាការងារ​។ ក្នុងនោះ​ចំនួន ៨១ ០០០ ​រៀល ​(២០​ដុល្លារ​អាមេរិក​) សម្រាប់​ការ​​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ ៧ ​ថ្ងៃ ដល់​ ១៤ ​ថ្ងៃ​។ ចំណែក​ចំនួន ១៦២ ០០០ ​រៀល (៤០ ​ដុល្លារ​អាមេរិក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ ១៥​ ថ្ងៃ ដល់​ ១ ​ខែ​។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ការបើកប្រាក់​ឧបត្ថម្ភ​នេះ ធ្វើឡើង​តាមរយៈ ធនាគារ​វី​ង ដែល​ផ្ញើ​សារ​ចូល​ទូរស័ព្ទ​របស់​កម្មករ​-​និយោជិត ហើយ​បងប្អូន​កម្មករ​-​និយោជិត មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​នៅពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​»​។​

 

​ក្រសួង​ការងារ​បន្ថែមថា ក្នុងករណី​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង​ចំនួន​ ២៦ ​នេះ​មិន​បានទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​វី​ង​ត្រូវ​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម ​ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន​។​

​ជុំវិញ​រឿងនេះ លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​​កម្ពុជា ​(CCAWDU)​ បាន​ថ្លែងថា ប្រាក់ឧបត្ថម្ភ​ដែល​រាជ​រដ្ឋា​ភិ​បាល​បាន​ផ្ដល់ឱ្យ​កម្មករនិយោជិត​នេះ គឺជា​ការរួមចំណែក​មួ​យ​ផ្នែក​ក្នុងការ​សម្រាល​បន្ទុក និង​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួកគេ​។​

​លោក​បន្តថា ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ​នេះ វា​បាន​ជួយ​កម្មករ​តែមួយ​រយៈពេល​ខ្លី​ទេ ដូច្នេះ​អ្វីដែល​សំខាន់ គឺ​លោក​ចង់ឱ្យ​រាជ​រដ្ឋា​ភិ​បាល និង​ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា​រក​វិធី​ឱ្យ​អ្នកបញ្ជា​ទិញ​មានការ​កើនឡើង និង​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នកបញ្ជា​ទិញ​លើ​ការ​​ផលិត​ក្នុងប្រទេស​កម្ពុជា​។​

​លោក​ គង់ អាទិត្យ បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា រាជរដ្ឋាភិបាល​គាត់​ក៏​ដឹង​ហើយ​អ្នកពាក់ព័ន្ធ​គាត់​ក៏​ដឹង​ដែរ ថា​តើ​គួរ​ត្រូវធ្វើ​បែបណា​ដើម្បី​រក្សា​ឱ្យបាន និង​ទាញយក​មកវិញ​ឱ្យបាន​នូវ​អីវ៉ាន់​មួយចំនួន​ដែល​យើង​ធ្លាប់មាន ហើយ​យើង​នឹង​រក​អីវ៉ាន់​ថ្មី​ណា ដែល​បញ្ជា​ទិញ​ពី​ខ្មែរ​យើង​កាន់តែច្រើន​ថែមទៀត​»​។

​លោក​បន្ថែមថា ក្រៅពីនេះ រដ្ឋ​ក៏ត្រូវ​មាន​គោលនយោបាយ​ផ្សេងៗ​ដោយ​ធ្វើ​បែបណា​ដើម្បី​រួមចំណែក​មួយផ្នែក​ក្នុងការ​សម្រាល​បន្ទុក និង​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​កម្មករ​។​

​សូម​រំឭក​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​​ពី​ខែមីនា​កន្លងទៅ បានសម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ កម្មការិនី​ប្រមាណ​ ៣​ ម៉ឺន​នាក់ ដែល​រោងចក្រ​ព្យួរការងារ​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​បាននិងកំពុង​កើតមាន​នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។